ដោយ: គង់ លាងហួរ
អន្តរជាតិ: ម្ចាស់អគារកាន់តែច្រើននៅប្រទេសចិនគ្រោងបំពាក់គ្រឿងសង្ហារឹមផ្សេងៗនៅក្នុងបន្ទប់ការិយាល័យ ខណៈបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុបានធ្វើឱ្យក្រុមហ៊ុនអាជីវកម្មនានាងាកទៅជួលទីតាំងលក់រាយជំនួសវិញ។
លោកស្រី Fion Zhang ប្រធានការិយាល័យប្រឹក្សាយោបល់ និងសេវាប្រតិបត្តិការនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE China បានអះអាងថា ការលើកទឹកចិត្តបែបនេះបានក្លាយជាការចាំបាច់ដើម្បីទាក់ទាញអ្នកជួល ស្របពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង ដោយសារអ្នកវិនិយោគមានការព្រួយបារម្ភអំពីបញ្ហាសេដ្ឋកិច្ច។
លោកស្រីបន្តថា “តម្លៃគ្រឿងសង្ហារិមបានក្លាយជាកង្វល់ដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនមួយចំនួនដែលប្រឈមមុខនឹងបញ្ហាថវិកា។ ប៉ុន្តែ ពួកគេនៅតែមានតម្រូវការខ្ពស់ក្នុងការជួលបន្ទប់ការិយាល័យថ្មី។ ដូច្នេះ ម្ចាស់អគារគួរតែពិចារណាផ្តល់ជូនជាកញ្ចប់ ដើម្បីសម្របតាមតម្រូវការរបស់ពួកគេ”។
យោងតាមការស្ទង់មតិនាពេលថ្មីៗនេះដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE ទៅលើក្រុមហ៊ុនចំនួន២៣៧ បានបង្ហាញថា ចំនួនមួយភាគបីនៃក្រុមហ៊ុន ដែលចាប់អារម្មណ៍ក្នុងការពង្រីក ឬផ្លាស់ប្តូរទីតាំងធ្វើការ ពុំមានលទ្ធភាពទិញគ្រឿងសង្ហារឹមយកទៅបំពាក់ការិយាល័យរបស់ពួកគេបាននោះទេ។
ប៉ុន្តែ ទោះជាយ៉ាងណា ក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យ CBRE បានបន្ថែមថា អ្នកជួលជាអ្នកទទួលបានអត្ថប្រយោជន៍ពីការដាំក្បាលចុះនៃទីផ្សារការិយាល័យ ខណៈការកើនឡើងនៃអត្រាការិយាល័យទំនេរបានធ្វើឱ្យអ្នកជួលមានប្រៀបជាងម្ចាស់អគារក្នុងអំឡុងពេលចរចាតម្លៃ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE បានបង្ហាញថា តម្លៃជួលការិយាល័យជាមធ្យមនៅរដ្ឋធានីប៉េកាំងរបស់ប្រទេសចិនបានធ្លាក់ចុះ២,៧ភាគរយនៅត្រីមាសទី២ ឆ្នាំ២០២៤ធៀបនឹងត្រីមាសទី១មកនៅត្រឹម២៧៥,៨យ័ន(ប្រហែល៣៨,៨ដុល្លារ)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ៕ប្រភព: SCMP៕