ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមអ្នកវិភាគបានឱ្យដឹងថា ការបណ្តាក់ទុនលើសណ្ឋាគារកំពុងក្លាយជាគោលដៅរបស់វិនិយោគិនជាច្រើននៅទូទាំងពិភពលោក ដោយសារតែពលរដ្ឋសកលនៅតែបន្តធ្វើដំណើរ ទោះបីជាពួកគេជួបប្រទះភាពមិនច្បាស់លាស់ខាងផ្នែកសេដ្ឋកិច្ចយ៉ាងណាក្តី។
នៅក្នុងវិស័យអចលនទ្រព្យបែបបដិសណ្ឋារកិច្ច ប្រទេសជប៉ុនជាអ្នកនាំមុខគេ ខណៈបណ្តាក្រុមហ៊ុន និងអ្នកវិនិយោគជាច្រើនបានជ្រើសរើសទិញដីធ្លីដែលមានដាំដើមផ្កាសាគូរ៉ានៅប្រទេសជប៉ុន ដើម្បីធ្វើជាទីតាំងសាងសង់សណ្ឋាគារ។
ការកើនឡើងនៃវិស័យទេសចរណ៍ ការដាំក្បាលនៃតម្លៃប្រាក់យ៉េន និងការកំណត់គោលនយោបាយអត្រាការប្រាក់ទាបរបស់ធនាគារកណ្តាលជប៉ុនជាកត្តាចម្បងនាំឱ្យ ប្រទេសជប៉ុនក្លាយជាគោលដៅវិនិយោគដ៏ពេញនិយមនៅក្នុងវិស័យសណ្ឋាគារ។
លោកស្រី Sabine Schaffer សហស្ថាបនិក និងជានាយកប្រតិបត្តិនៃប្រតិបត្តិករសណ្ឋាគារ Pro-invest Group ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី បានអះអាងថា “ផ្នែកបដិសណ្ឋារកិច្ចកំពុងស្ទុះងើបឡើងវិញបន្ទាប់ពីបញ្ហាប្រឈមជំងឺកូវីដ-១៩បានធូរស្រាល”។
លោកស្រីបញ្ជាក់ថា អ្នកវិនិយោគហាក់មិនសូវចាប់អារម្មណ៍លើវិស័យបដិសណ្ឋារ ក្នុងកំឡុងពេលការធ្វើដំណើរនៅលើពិភពលោកបានផ្អាក បន្ទាប់ពីមានការកើនឡើងនៃករណីឆ្លងជំងឺរាតត្បាត។ ប៉ុន្តែ សណ្ឋាគារបានក្លាយជាប្រភេទទ្រព្យសកម្មមួយដែលមានតម្រូវការខ្ពស់ជាងគេ ក្រោយវិបត្តិកូវីដ”។
យោងតាមការស្ទង់មតិដោយក្រុមហ៊ុន CBRE ទៅលើក្រុមអ្នកវិនិយោគចំនួន៣០០រូប នៅទូទាំងពិភពលោកបានបង្ហាញថា អ្នកវិនិយោគចំនួនជាង៥០% គ្រោងបណ្តាក់ទុនលើសណ្ឋាគារបន្ថែមទៀតនៅឆ្នាំនេះ ឱ្យបានក្នុងទំហំទឹកប្រាក់ច្រើនជាងឆ្នាំ២០២៣ ខណៈមានតែអ្នកវិនិយោគចំនួន១៤ភាគរយប៉ុណ្ណោះ ដែលគ្រោងនឹងបោះទុនលើសណ្ឋាគារក្នុងទំហំទឹកប្រាក់តិចជាងឆ្នាំមុន។
បណ្តាអ្នកវិនិយោគបានលើកឡើងថា កត្តាសំខាន់ៗ ដែលជំរុញឱ្យពួកគេបង្កើនការវិនិយោគទៅលើសណ្ឋាគារ រួមមាន ការរំពឹងទុកលើការទទួលបានប្រាក់ចំណូលខ្ពស់ ការប្រែប្រួលនៃតម្លៃ ឱកាស និងការចំណាយដើមទុនវិនិយោគទាប៕ប្រភព: SCMP៕