ឥណ្ឌូនេស៊ីសម្រេចបើកការដ្ឋានសាងសង់ខ្សែរថភ្លើងថ្មីនៅក្នុងទីក្រុងហ្សាការតា

ដោយ: គង់ លាងហួរ

អន្តរជាតិ: កាលពីថ្ងៃទី១១ ខែកញ្ញា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានប្រកាសបើកការដ្ឋានសាងសង់ខ្សែរថភ្លើងថ្មីមួយ លើប្រព័ន្ធដឹកជញ្ជូនរហ័ស (MRT)នៅទីក្រុងហ្សាកាតា ដោយប្រើប្រាស់ប្រាក់កម្ចី ក្នុងទឹកប្រាក់ជិត១ពាន់លានដុល្លារពីប្រទេសជប៉ុន។

ទីក្រុងហ្សាកាតាជាទីក្រុង ដែលមានប្រជាជនរស់នៅជាង១០លាននាក់ ហើយទីក្រុងនេះ បានបើកដំណើរការប្រព័ន្ធដឹកជញ្ជូនរហ័ស (MRT) ដំបូងបង្អស់របស់ខ្លួន នៅឆ្នាំ២០១៩ក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍។

លោក Joko Widodo បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស្ថាបនាខ្សែរថភ្លើង MRT ថ្មីនេះរំពឹងថា នឹងបញ្ចប់នៅឆ្នាំ២០២៩ ក្នុងចម្ងាយ២៥គីឡូម៉ែត្រ តភ្ជាប់រវាងទីក្រុង Bekasi នៃខេត្តWest Java ជាប់ព្រំដែនភាគខាងកើតនៃទីក្រុងហ្សាការតា ទៅកាន់ភាគខាងលិចនៃទីក្រុងមួយនេះ។

លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានលើកឡើងទៀតថា នៅពេលដាក់ឱ្យដំណើរការ ខ្សែរថភ្លើង MRT ដំបូងទី១ បានផ្លាស់ប្តូរមុខមាត់ នៃវិស័យដឹកជញ្ជូនរបស់ទីក្រុងហ្សាកាតា និងប្រទេសឥណ្ឌូនេស៊ី ហើយខ្សែរថភ្លើងថ្មីនឹងផ្តល់អត្ថប្រយោជន៍បន្ថែមទៀត។

កាលពីខែឧសភាកន្លងទៅ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានប្រកាសឱ្យដឹងថា ខ្លួននឹងផ្តល់ប្រាក់កម្ចីចំនួន១៤១លានយ៉េន (ប្រហែល៩៩៨.០០០ដុល្លារអាមេរិក) សម្រាប់គម្រោងនេះ។ នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

កន្លងមក  ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន(JICA) ក៏បានផ្តល់មូលនិធិ ដល់ការតភ្ជាប់ខ្សែរថភ្លើង MRT លើកដំបូង ដែលលាតសន្ធឹងចម្ងាយ៨គីឡូម៉ែត្រ តភ្ជាប់រវាងភាគខាងត្បូង និងភាគកណ្តាល នៃទីក្រុងហ្សាកាតា ហើយការពង្រី​កខ្សែរថភ្លើងមានស្រាប់នេះ ទៅកាន់ភាគខាងជើង ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅឆ្នាំ២០២៩៕ប្រភព: Reuters៕