ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា ប្រសិនបើភ្ញៀវទេសចរណ៍ មានទឹកប្រាក់១០ដុល្លារ នោះទឹកប្រាក់១ដុល្លារ នឹងត្រូវបានបែងចែកចំណាយ លើការធ្វើដំណើរជាសកលនៅឆ្នាំ២០២៤ ខណៈមនុស្សជាច្រើន បាននិងកំពុងកក់សណ្ឋាគារ នាវា និងជើងហោះហើរ។
ការរួមចំណែករបស់ឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍ ចំពោះផលទុនជាតិសរុបរបស់ពិភពលោក ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់កម្រិតខ្ពស់បំផុត ខណៈអ្នកប្រើប្រាស់ចាត់ទុកការធ្វើដំណើរ ជាផ្នែកមួយសំខាន់នៃការចាយវាយរបស់ពួកគេ។
ក្រុមប្រឹក្សាភិបាលនៃការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា ការរួមចំណែករបស់ឧស្សាហកម្មទេសចរណ៍ចំពោះGDP របស់ពិភពលោកនៅឆ្នាំ២០២៤ នឹងកើនឡើង១២,១% ដល់ទំហំទឹកប្រាក់ចំនួន១១,១ទ្រីលានដុល្លារ ឬស្មើនឹងចំណែក១០% នៃផលទុនជាតិសរុបរបស់ពិភពលោក។
តួលេខខាងលើនេះ តំណាងឱ្យការកើនឡើងប្រមាណ៧,៥ភាគរយ បើធៀបនឹងកំណត់ត្រាក្នុងឆ្នាំ២០១៩។
លោក Julia Simpson នាយកប្រតិបត្តិនៃអង្គការមិនរកប្រាក់ចំណេញ WTTC បានអះអាងថា “កាលពីឆ្នាំមុន យើងមានការព្រួយបារម្ភ អំពីការធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចសកល និងអត្រាអតិផរណា។ ប៉ុន្តែនៅឆ្នាំនេះ យើងកំពុងមើលឃើញថា វិស័យទេសចរណ៍ ជាមហាអំណាចសេដ្ឋកិច្ចសកល”។
ការចំណាយលើការធ្វើដំណើរ នៅសហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសអាល្លឺម៉ង់ ត្រូវបានគេរំពឹងថា នឹងចូលរួមចំណែកធំបំផុតដល់ទំហំផលទុនសេដ្ឋកិច្ច(GDP)។ វិស័យនេះត្រូវបានគេរំពឹងថា នឹងជួយបង្កើតការងារ បានជិត៣៤៨លានកន្លែង ក្នុងឆ្នាំ២០២៤ កើនឡើងចំនួន១៣,៦លានកន្លែង បើធៀបនឹងកំណត់ត្រាក្នុងឆ្នាំ២០១៩៕ប្រភព: Vnexpress៕