ទីក្រុងសេអ៊ូលគ្រោងប្រែក្លាយតំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិ Gimpo ជាតំបន់នវានុវត្តន៍ថ្មី

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋបាលទីក្រុងសេអ៊ូល បានប្រកាសឱ្យដឹងថា តំបន់នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិ Gimpo របស់រដ្ឋធានីសេអ៊ូល នឹងត្រូវអភិវឌ្ឍន៍ទៅជាតំបន់នវានុវត្តន៍ថ្មីមួយ នៅត្រឹមឆ្នាំ២០៣០ ក្រោមទុនវិនិយោគចំនួន២,២ពាន់លានដុល្លារអាមេរិក។

យោងតាមប្រភពខាងលើបានឱ្យដឹងទៀតថា តំបន់នវានុវត្តន៍ជុំវិញអាកាសយានដ្ឋាន Gimpo រួមមានប្លុកចំនួន៣ នឹងត្រូវបានសាងសង់ឡើង នៅលើផ្ទៃដីទំហំ៣៥ម៉ឺនម៉ែត្រការ៉េ នៅភាគខាងលិចនៃតំបន់ Gangseo ក្នុងទីក្រុងសេអ៊ូល។

ប្លុកទី១ ជាទីតាំងហោះហើរឡើង និងចុះចតរបស់យន្ដហោះតាក់ស៊ីចល័ត ខ្នាតតូចមជ្ឈមណ្ឌល (Urban Air Mobility) ព្រមទាំងមានមធ្យោបាយ ដឹកជញ្ជូនសាធារណៈ ដូចជារថយន្តតាក់ស៊ី រថភ្លើងក្រោមដី និងរថយន្តក្រុង។

រដ្ឋបាលទីក្រុងនឹងរៀបចំជណ្តើរយន្ត តភ្ជាប់មធ្យោបាយដឹកជញ្ជូនសាធារណៈ ជាមួយទីតាំងចុះចតរបស់យន្តហោះតាក់សុីហោះ(UAM)។លើសពីនេះ អគារពាណិជ្ជកម្ម និងវប្បធម៌ សាលសន្និសីទអន្តរជាតិ និងសណ្ឋាគារ ក៏នឹងត្រូវបានសាងសង់ នៅលើទីតាំងនៃប្លុកទី១នេះផងដែរ។

រីឯ ប្លុកទី២ នៃតំបន់នវានុវត្តន៍ជុំវិញ អាកាសយានដ្ឋាន Gimpo នឹងរួមមាន អគារពាណិជ្ជកម្ម និងការអប់រំអាកាសចរណ៍ ដើម្បីជំនួសស្ថានីយ៍បូមទឹក ដែលត្រូវបានដំឡើងស្រាប់នៅទីនោះ។

ចំណែក ប្លុកទី៣ នឹងត្រូវបានប្រែក្លាយ ជាតំបន់ឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ អគារអាផាតម៉ិន និងទីធ្លាសាធារណៈ ខណៈបច្ចុប្បន្ន ប្លុកនេះជាតំបន់ឃ្លាំងផ្ទុកទំនិញ។

ជាមួយគ្នានេះ រដ្ឋបាលទីក្រុងសេអ៊ូល គ្រោងនឹងប្រើប្រាស់ប្រាក់ចំណេញ ពីការបង្កើតតំបន់ឧស្សាហកម្មបច្ចេកវិទ្យាជា​ន់ខ្ពស់ ដើម្បីពង្រីកទីធ្លាសាធារណៈ និងអគារផ្សេងៗទៀត។

បន្ថែមលើសពីនេះ រដ្ឋបាលទីក្រុងសេអ៊ូល នឹងផ្តល់ការបញ្ចុះតម្លៃលើការជួលផ្សារទំនើប និងអាផាតម៉ិន នៅក្បែរនោះដល់អ្នករស់នៅ ក្បែរព្រលានយន្តហោះ Gimpo និងការបញ្ចុះថ្លៃចំណតសាធារណៈ។

រដ្ឋបាលទីក្រុងសេអ៊ូល ក៏គ្រោងនឹងបញ្ចប់ការរៀបចំផែនការមូលដ្ឋាន សម្រាប់ការអភិវឌ្ឍន៍ តំបន់នវានុវត្តន៍នៅឆ្នាំ២០២៥ ហើយចាប់ផ្តើមបើកការដ្ឋានសាងសង់ បន្ទាប់ពីទទួលបានការអនុម័តឱ្យអនុវត្តន៍ គម្រោងនៅឆ្នាំ២០២៧៕ប្រភព: Korea Times៕