ដោយៈ ម៉ាលីនណា
ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធ “កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រិនស្រ្តី ឆ្នាំ២០២៤ នៅកម្ពុជា”។
លោកជំទាវរដ្ឋមន្ត្រីបានមានប្រសាសន៍ក្នុងពិធីនេះ កាលពីថ្ងៃទី១០ កញ្ញា ដោយបានថ្លែងអំណរគុណ ចំពោះស្ថានទូតសហរដ្ឋអាម៉េរិក សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និង Impact Hub ចំពោះការប្តេជ្ញាចិត្តជំរុញឱ្យកម្មវិធីនេះ ដំណើរការឡើង ដែលគូសបញ្ជាក់ពីការបោះជំហានដ៏សំខាន់មួយ ក្នុងការលើកកម្ពស់សិទ្ធិអំណាចដល់ស្ត្រី ឱ្យមានការរីកចម្រើនក្នុងវិស័យធុរកិច្ច និងនវានុវត្តន៍។
លោកជំទាវចម និម្មលបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានជំរុញយ៉ាងសកម្ម នូវភាពអ្នកដឹកនាំជាស្ត្រី រួមទាំងក្នុងការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងលទ្ធកម្មសាធារណៈ ជាក់ស្តែងមន្ត្រីជាស្ត្រី ត្រូវបានលើកទឹកចិត្តឱ្យដឹកនាំកិច្ចប្រជុំកម្រិតខ្ពស់ រួមចំណែកដល់ការលើក កម្ពស់ពាណិជ្ជកម្ម និងគោលនយោបាយផ្ទាល់ ជាពិសេសក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងបម្រើការងារជាអនុព័ន្ធពាណិជ្ជកម្មនៅបរទេស ព្រមទាំងបានបង្កើតក្រុមការងារយេនឌ័រ ដើម្បីបង្រួបបង្រួមអ្នកដឹកនាំស្ត្រី និងមន្ត្រីក្នុងការបង្កើតគោលនយោបាយរួមបញ្ចូលយេនឌ័រ។
ជាងនេះទៅទៀត ក្រសួងក៏បានពង្រឹងកម្មវិធីគាំទ្រ សម្រាប់ស្ត្រី នៅក្នុងវិស័យឯកជន ដោយប្រើប្រាស់វេទិកា ដូចជា Go4eCam គម្រោង AIMS និងការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ដើម្បីលើកទឹកចិត្តដល់ប្រតិបត្តិការផ្លូវការ និងការអភិវឌ្ឍជំនាញសម្រាប់អាជីវកម្ម ដែលគ្រប់គ្រងដោយស្ត្រី។
លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តអ្នកចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល AWE ទាំងអស់ ឱ្យចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ពួកគាត់ ជាមួយសហគ្រិនស្ត្រីផ្សេងទៀត និងសូមជំរុញឱ្យ សមាគមសហគ្រិនស្រ្តីកម្ពុជា ប្រើប្រាស់កម្មវិធីបណ្តុះបណ្តាលAWE នេះ ដើម្បីពង្រីកបណ្តាញរបស់ខ្លួន និងបង្កើតភាពជាដៃគូពាណិជ្ជកម្មថ្មី ក្នុងកម្រិតពិភពលោក ជាពិសេស ការទទួលយកការផ្លាស់ប្តូរឌីជីថល និងសម្របខ្លួនទៅនឹងយុគសម័យឌីជីថល តាមរយៈថ្នាលសំខាន់ ដូចជា វគ្គសិក្សាបណ្តុះបណ្តាលអនទ្បាញ DreamBuilder ជាដើម៕