ក្រុមមន្រ្តីពិភាក្សាលើពង្រាងបទដ្ឋានបច្ចេកទេសជាមួយអ្នកជំនាញអូស្រ្តាលី

ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើពង្រាង បទដ្ឋានបច្ចេកទេស សម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលរៀបចំដោយក្រុមការងារបច្ចេកទេស P4I & Austroads នៃប្រទេសអូស្រ្ដាលី។


កិច្ចប្រជុំកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដឹកនាំដោយ លោកយិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។


កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីពិនិត្យតាមដានវឌ្ឍនភាព ក៏ដូចជាពន្លឿនការងារទាក់ទងនឹងបទដ្ឋានបច្ចេកទេស តាមផ្នែកនីមួយៗឱ្យបានលម្អិត និងគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណារៀបចំបទដ្ឋាន បច្ចេកទេសឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងសមស្របតាមតម្រូវការស្ថានភាពបច្ចុប្បន្ន។


ជាមួយគ្នានោះផងដែរ លោកយិន ប៊ុណ្ណាបានថ្លែងអំណរគុណដល់ការខិតខំ ប្រឹងប្រែងរបស់ក្រុមការងារ និងមន្រ្តីបច្ចេកទេសទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមការងារបច្ចេកទេស P4I & Austroads នៃប្រទេសអូស្រ្ដាលី សំដៅសម្រេចបាននូវ ការរៀបចំបទដ្ឋានបច្ចេកទេស សម្រាប់ប្រើប្រាស់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឱ្យបានជោគជ័យ និងប្រកបដោយគុណភាព៕