តំបន់សេដ្ឋកិច្ចពិសេសថ្មីរបស់ចិនបង្កើនការដោះដូរពាណិជ្ជកម្មកាន់តែលឿនជាមួយទីក្រុងហុងកុង និងម៉ាកាវ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទំហំនៃការនាំចូល និងការនាំចេញទំនិញឆ្លងកាត់កំពង់ផែ Zhuhai តាមរយៈស្ពានតភ្ជាប់ រវាងទីក្រុងហុងកុង ទីក្រុងជូហៃ និងទីក្រុងម៉ាកាវ បានកើនឡើងលើសពីទំហំទឹកប្រាក់៩០០ពាន់លានយ័ន (ប្រហែល១២៦,៣ពាន់លានដុល្លារអាមេរិក)។

មជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំមួយនេះ កំពុងក្លាយជាច្រកទ្វារពាណិជ្ជកម្មដ៏សំខាន់ សម្រាប់តំបន់សេដ្ឋកិច្ចពិសេសក្វាងទុង-ហុងកុង-ម៉ាកាវ ឬហៅថា “Greater Bay Area”។នេះបើយោងតាមការលើកឡើងរបស់ទីភ្នាក់ងារគយចិន។

ការដោះដូរពាណិជ្ជកម្មសរុប គិតចាប់ពីការបើកដំណើរការកំពង់ផែ ក្នុងខែតុលា ឆ្នាំ២០១៨ ដល់ខែកក្កដា ឆ្នាំ២០២៤ បានកើនឡើង ដល់ទំហំទឹកប្រាក់៩០១,១៩ពាន់លានយ័ន ដោយកំពង់ផែ Zhuhai បានដឹកជញ្ជូន និងទទួលទំនិញទៅ និងមកពីបណ្តាខេត្ត ក្រុង និងតំបន់ស្វយ័តចំនួន៣១នៅចិនដីគោក។

យោងតាមស្ថិតិគយបង្ហាញថា កំពង់ផែZhuhai បានចំណា​យពេល២ឆ្នាំ ដើម្បីសម្រេចបាន នូវទំហំពាណិជ្ជកម្ម១០០ពាន់លានយ័នជាលើកដំបូង ហើយរយៈពេល៧ខែក្រោយមកទៀត ទំហំនេះ បានកើនឡើងដល់២០០ពាន់លានយ័ន។ ចំណែក នាពេលថ្មីៗចុងក្រោយ កំពង់ផែ Zhuhai បានចំណាយពេល៥ខែប៉ុណ្ណោះ ក្នុងការសម្រេចបានទំហំ ពាណិជ្ជកម្ម១០០ពាន់លានយ័ន។

ស្ពានតភ្ជាប់រវាងទីក្រុងហុងកុង ជូហៃ និងម៉ាកាវបានក្លាយជាច្រកដ៏លឿន សម្រាប់ការនាំចូល និងការនាំចេញទំនិញមានតម្លៃខ្ពស់ ពន្លឿនការនាំចេញផលិតផលស្រស់ ពីចិនដីគោកទៅកាន់ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ និងជំរុញពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន។

តំបន់នេះ ក៏បានក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំ ក្នុងការជំរុញឱ្យមានសមាហរណកម្ម និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើការដឹកជញ្ជូន និងសម្រួលលំហូរមូលធន និងលំហូរព័ត៌មានរវាងតំបន់ចិនដីគោក ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ។នេះបើយោងតាមភ្នាក់ងារគយចិន៕ប្រភព: China Daily៕