ដោយ: គង់ លាងហួរ
អន្តរជាតិ: ពិភពលោក កំពុងបន្តតាមដានវឌ្ឍនភាពសាងសង់ គម្រោងទីក្រុងឆ្លាតវៃ Neom ដ៏មានមហិច្ឆតា មិនគួរឱ្យជឿរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ចាប់តាំងពីត្រូវបានប្រកាសឡើងនៅក្នុងឆ្នាំ២០១៧។
គម្រោងផ្តួចផ្តើមដោយព្រះអង្គម្ចាស់ Mohammed bin Salman Al Saud មានគោលដៅ ដើម្បីប្រែក្លាយផ្ទៃដីទំហំ២ ៦.៥០០គីឡូម៉ែត្រការ៉េ នៅតំបន់ភាគពាយ័ព្យនៃប្រទេស ទៅជាតំបន់អភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជន និងភ្ញៀវទេសចរណ៍រាប់លាននាក់នៅឆ្នាំ២០២៩។
ការដ្ឋាននៃគម្រោងសាងសង់កំពុងបន្តទៅមុខ ខណៈនាពេលថ្មីៗនេះ អារ៉ាប៊ីសាអូឌីតក៏ព្យាយាមផងដែរ ក្នុងការលុបបំបាត់មន្ទិលសង្ស័យ ក្នុងពេលដំណាលគ្នា ដោយធានាទៅកាន់វិនិយោគិនថា ការងារទាំងអស់កំពុងដំណើរការ ទៅតាមកាលវិភាគ។
ទីក្រុង Neom គ្រោងធ្វើយ៉ាងណាឱ្យអ្នកថ្មើរជើង និងអ្នកជិះកង់ អាចធ្វើដំណើរយ៉ាងងាយស្រួល ទៅកាន់សង្កាត់សំខាន់ៗ។ ទន្ទឹមនេះ អាជ្ញាធរក៏រៀបចំយានយន្ត ដើរដោយអគ្គិសនី និងប្រព័ន្ធផ្លូវឆ្លងកាត់ក្រោមដី ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ទៅកាន់ទីតាំងឆ្ងាយពីទីក្រុង។
លើសពីនេះ ប្រជាពលរដ្ឋ និងអ្នកដំណើរក៏នឹងមានជម្រើសធ្វើដំណើរ តាមរយៈរថយន្តតាក់ស៊ីអគ្គិសនីប្រភេទ P-12 ដែលមានមុខងារបើកបរនៅលើផ្ទៃទឹក។ អារ៉ាប៊ីសាអូឌីត ទើបតែបានបញ្ជាទិញរថយន្តតាក់ស៊ីប្រភេទនេះ ចំនួន៨គ្រឿងពីក្រុមហ៊ុន Candela របស់ប្រទេសស៊ុយអែត។
លោក Gustav Hasselskog ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Candela អះអាងថា តាក់ស៊ីP-12 ត្រូវបានរចនា និងផលិតឡើង ដើម្បីបង្កើតប្រព័ន្ធដឹកជញ្ជូន តាមផ្លូវទឹកគ្មានការបំភាយឧស្ម័ន និងកែលម្អការធ្វើដំណើរ តាមផ្លូវទឹកបែបប្រពៃណី។
តាក់ស៊ី P-12 អាចផ្ទុកអ្នកដំណើរបានចំនួន៣០នាក់ ជាមួយនឹងការបើកបរ នៅលើផ្ទៃទឹកក្នុងល្បឿន៤៦,៣គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណែក ថ្មអាគុយរបស់តាក់ស៊ី P-12 វិញមានអានុភាព២៥២គីឡូវ៉ាត់ម៉ោង ដោយសាកថ្ម១លើកអាចប្រើប្រាស់បានរយៈពេលជាង២ម៉ោង៕ប្រភព: New Atlas៕