រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងសាងសង់បណ្តាញផ្លូវបង់ប្រាក់ថ្មីមួយគ្របដណ្តប់កោះបាលី

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី លោក Sandiaga Uno បានមានប្រសាសន៍ឱ្យដឹងថា រដ្ឋាភិបាលកំពុងរៀបចំផែនការសាងសង់ផ្លូវបង់ប្រាក់ថ្មីមួយ(Toll road)នៅលើកោះបាលី។

ផែនការនេះមានគោលបំណងតភ្ជាប់រមណីយដ្ឋានទេសចរណ៍នៅតំបន់ភាគខាងត្បូងកោះបាលីទៅកាន់តំបន់ភាគខាងជើងនៃកោះ បន្ទាប់ពីរដ្ឋាភិបាល​​បាន​អនុម័តផ្តល់ការគាំទ្រចំពោះ​គម្រោង​នេះ។ 

កន្លងមក លោករដ្ឋមន្ត្រី Sandiaga Uno និងក្រុមមន្ត្រីមូលដ្ឋានពាក់ព័ន្ធផ្នែកទេសចរណ៍នៅកោះបាលីបានពិភាក្សាគ្នាជាយូរមកហើយអំពីតម្រូវការចាំបាច់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវមធ្យោបាយនៃការតភ្ជាប់រវាងរមណីយដ្ឋានភាគខាងត្បូងកោះបាលី និងរមណីយដ្ឋានភាគខាងជើង។

បច្ចុប្បន្ន ភ្ញៀវទេសចរណ៍ភាគច្រើនរបស់កោះបាលីចូលចិត្តប្រមូលផ្តុំនៅក្នុងតំបន់រដ្ឋបាលគ្រប់គ្រងកោះបាលី “Badung Regency” ព្រោះតំបន់នេះសម្បូររមណីយដ្ឋានទេសចរណ៍មាត់ឆ្នេរសមុទ្រល្បីៗជាច្រើន។

ការកសាងផ្លូវបង់ថ្លៃក៏មានគោលដៅជួយបញ្ចៀសលំហូរភ្ញៀវទេសចរណ៍ច្រើនហួសហេតុនៅតំបន់ភាគខាងត្បូង និងលើកកម្ពស់ទេសចរណ៍វប្បធម៌ និងនិរន្តរភាពបន្ថែមទៀតនៅតំបន់ភាគខាងជើង ភាគខាងលិច និងភាគខាងកើតនៃកោះបាលី។

បច្ចុប្បន្ន តំបន់រមណីយដ្ឋានភាគខាងត្បូងកោះបាលីមានមធ្យោបាយតភ្ជាប់ល្អប្រសើរ ហើយភ្ញៀវទេសចរណ៍មានជម្រើសច្រើន ដូចជាការហៅតាក់ស៊ី និងអ្នកបើកបរឯកជន។ ប៉ុន្តែ សេវាកម្មដឹកជញ្ជូនអ្នកដំណើរទៅកាន់ភាគខាងជើងកោះបាលីមានស្ថានភាពពិបាក ព្រោះបណ្តាញផ្លូវភាគខាងជើងមានការអភិវឌ្ឍន៍តិចជាងតំបន់ភាគខាងត្បូង។

លោក Uno បានថ្លែងប្រាប់អ្នកយកព័ត៌មានថា “តំបន់រមណីយដ្ឋានទេសចរណ៍ភាគខាងជើងកោះបាលី ពិបាកទាក់ទាញបានភ្ញៀវទេសចរណ៍ ដោយសារតែកត្តាផ្លូវធ្វើដំណើរជួបប្រទះការលំបាក”។

លោកបានបញ្ជាក់បន្ថែមថា ដើម្បីរកដំណោះស្រាយចំពោះបញ្ហានេះ យើងត្រូវបង្កើតផ្លូវបង់ប្រាក់ឆ្លងកាត់តាមភាគកណ្តាលកោះបាលី ដើម្បីតភ្ជាប់រមណីយដ្ឋាននានាពីភាគកណ្តាលខាងត្បូងទៅភាគកណ្តាលខាងជើង៕ប្រភព: The Bali Sun៕