ការព្យាករណ៍: ប្រទេសអារ៉ាប៊ីសាអូឌីតគ្រោងអភិវឌ្ឍន៍សណ្ឋាគារថ្មី ៣២ម៉ឺនបន្ទប់នៅត្រឹមឆ្នាំ២០៣០

ដោយ: គង់ លាងហួរ

រីយ៉ាដ: ប្រទេសអារ៉ាប៊ីសាអូឌីត កំពុងត្រៀមពង្រីកវិស័យបដិសណ្ឋារកិច្ចរបស់ខ្លួន តាមរយៈការអភិវឌ្ឍន៍សណ្ឋាគារថ្មីឱ្យបានចំនួន៣២ម៉ឺនបន្ទប់ នៅត្រឹមឆ្នាំ២០៣០។ នេះបើយោងតាមការវិភាគ ដោយក្រុមហ៊ុនអចលនទ្រព្យសកល Knight Frank ។

យោងតាមការសិក្សារបស់ក្រុមហ៊ុន ប្រឹក្សាអចលនទ្រព្យ Knight Frank បានបង្ហាញថា ចំនួន៦៧ភាគរយនៃសណ្ឋាគារទាំង៣២ម៉ឺនបន្ទប់ គ្រោងសាងសង់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ជាប្រភេទសណ្ឋាគារលំដាប់ផ្កាយ៤ និងសណ្ឋាគារលំដាប់ផ្កាយ៥។

ចំណាត់ការនេះមានគោលបំណង ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃវិស័យទេសចរណ៍ ដោយអារ៉ាប៊ីសាអូឌីតត្រូវបានគេព្យាករណ៍ថា នឹងទាក់ទាញបានភ្ញៀវទេសចរណ៍ ក្នុងស្រុក និងអន្តរជាតិសរុបចំនួន១៥០លាននាក់ នៅឆ្នាំ២០៣០ខាងមុខ។

លោក Turab Saleem ដៃគូ និងជាប្រធានផ្នែកបដិសណ្ឋារកិច្ចនៅក្រុមហ៊ុនKnight Frank ប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក បានលើកឡើងថា “ជាមួយនឹងគោលដៅនៃការស្វាគមន៍ភ្ញៀវទេសចរណ៍ ចំនួន១៥០លាននាក់នៅឆ្នាំ២០៣០ រដ្ឋាភិបាល កំពុងស្វែងរកនូវយុទ្ធសាស្រ្តផ្សេងៗយ៉ាងសកម្ម ដើម្បីទាក់ទាញអ្នកធ្វើដំណើរអន្តរជាតិ”។

លោក Saleem បានកត់សម្គាល់ថា យុទ្ធសាស្ត្រទាំងនេះ រួមបញ្ចូលទាំង ការផ្តល់ជូនបែបវប្បធម៌ និងការកម្សាន្តទូទាំងប្រ​ទេស ដើម្បីនឹងបំពេញបន្ថែមនូវភាពទាក់ទាញមានស្រាប់ ដូចជាការប្រណាំងម៉ូតូ (Jeddah F1 Grand Prix) និងសកម្មភាពកម្សាន្តជាច្រើនទៀត។

យោងតាមការវិភាគ របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យមួយនេះបានបង្ហាញឱ្យដឹងបន្ថែមទៀតថា ក្រុមហ៊ុនAccor Hotel Group នឹងធ្លាក់តំណែងពីប្រតិបត្តិករ ផ្គត់ផ្គង់បន្ទប់សណ្ឋាគារច្រើនជាងគេបង្អស់ទី១ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត មកនៅត្រឹមចំណាត់ថ្នាក់ទី២ ជាមួយនឹងការគ្រប់គ្រងសណ្ឋាគារចំនួន២៥.៤០០បន្ទប់នៅត្រឹមឆ្នាំ២០៣០។

ទន្ទឹមនឹងនោះ ក្រុមហ៊ុន Marriott International នឹងអាចក្លាយជាប្រតិបត្តិករ សណ្ឋាគារធំជាងគេបំផុតទី១ នៅក្នុងប្រ​ទេ​សអារ៉ាប៊ីសាអូឌីត ខណៈក្រុមហ៊ុននឹងគ្រប់គ្រងសណ្ឋាគារប្រ​មាណ២៦.២០០បន្ទប់ នៅត្រឹមឆ្នាំ២០៣០។នេះបើយោងតាមក្រុមហ៊ុន Knight Frank៕ប្រភព: Arab News៕