ឡាវសាងសង់តំបន់សេដ្ឋកិច្ចថ្មីនៅទីក្រុងហ្លួងព្រះបាង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទេសចរណ៍

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសឡាវ គ្រោងបើកដំណើរការតំបន់សេដ្ឋកិច្ចថ្មីមួយ ដោយផ្តោតលើការអភិវឌ្ឍន៍បរិស្ថានវិទ្យា កសិកម្ម និងទេសចរណ៍ លើផ្ទៃដី៧.៦៩៣ហិកតា ស្ថិតនៅក្នុងទីក្រុងហ្លួងព្រះបាង និងស្រុក Xiengngeun។

អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ទីក្រុងហ្លួងព្រះបាង បាន​អនុម័ត​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ចំនួន២ ដើម្បី​គូសបញ្ជាក់​អំពី​ផែនការ​នេះ។  ទោះយ៉ាងណាក្តី កាលបរិច្ឆេទចាប់ផ្តើម និងតម្លៃទុនវិនិយោគសម្រាប់គម្រោងនេះ មិនទាន់ត្រូវបានបង្ហាញឱ្យដឹងនៅឡើយទេ។

យ៉ាងណាមិញ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឱ្យដឹងថា គោលដៅចម្បងនៃការអភិវឌ្ឍ គម្រោងនេះឡើង ដើម្បីជួយលើកកម្ពស់វិស័យទេសចរណ៍ និងទាក់ទាញអ្នកវិនិយោគបរទេស ទៅកាន់ទីក្រុងហ្លួងព្រះបាង។  គម្រោង​នេះ​ក៏​មាន​គោល​បំណង ​លើក​កម្ពស់​ផលិតកម្ម​កសិកម្ម និង​បង្កើន​ការ​ផ្លាស់​ប្តូរ​កសិកម្ម​ក្នុង​តំបន់ផងដែរ។

ជាមួយគ្នានេះ រដ្ឋាភិបាលឡាវបានកំណត់អំពីសិទ្ធិ និងកា​រផ្តល់សំណងសម្រាប់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោ​យសារការសាងសង់តំបន់សេដ្ឋកិច្ច រួមទាំងការទូទាត់សំណងសម្រាប់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារគម្រោងនេះ។ 

ម្យ៉ាងវិញទៀត នៅក្នុងអំឡុងសម័យប្រជុំសាមញ្ញ លើកទី១ នៃក្រុមប្រឹក្សាប្រជាជនខេត្តហ្លួងព្រះបាង មន្ទីរធនធានធម្មជាតិ និងបរិស្ថានខេត្ត បានទទួលមតិយោបល់ និងបកស្រាយបំភ្លឺបន្ថែមដល់អ្នកចូលរួម ដើម្បីអនុញ្ញាតឱ្យពួកគេអាចយល់ដឹងអំពីគម្រោងមួយនេះ។

មុនពេលត្រូវបានអនុម័តជាផ្លូវការ គម្រោងនេះត្រូវបានពិនិត្យយ៉ាងម៉ត់ចត់ ដោយក្រុមប្រឹក្សាប្រជាជន ខេត្តហ្លួងព្រះ​បាងរួចទៅហើយ ដើម្បីធានាថា ដំណើរការរៀបចំត្រូវបានធ្វើឡើងស្រប ទៅតាមច្បាប់ស្តីពីនីតិកម្ម និងច្បាប់ស្តីពីការបែងចែកដីធ្លី៕ប្រភព: Laotian Times៕