ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋបាលក្រុងសៀងហៃប្រកាសថា ខ្លួនគ្រោងជំរុញវិស័យផ្សាយផ្ទាល់(live-streaming) និងកំណត់គោលដៅនៃការលក់តាមអ៊ីនធឺណេត ឲ្យបានក្នុងទំហំទឹកប្រាក់ជិត៨៥លានដុល្លារអាមេរិកនៅឆ្នាំ២០២៦។
តាមរយៈផែនការសកម្មភាព នៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ វិស័យលក់ទំនិញអនឡាញ ក្នុងទីក្រុងសៀងហៃ ត្រូវតែសម្រេចបានទំហំទឹកប្រាក់ប្រចាំឆ្នាំ៦០០ពាន់លានយ័ន (៨៤,៦លានដុល្លារអាមេរិក) នៅឆ្នាំ២០២៦ ដោយបង្កើតវេទិកាផ្សាយផ្ទាល់ លំដាប់កំពូលចំនួន១០ ជំរុញម៉ាកយីហោ និងបង្កើតសេណារីយ៉ូប្លែកៗចំនួន១០០ សម្រាប់ការផ្សាយផ្ទាល់។
ផែនការរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំមួយនេះ មានគោលដៅ ជំរុញការចំណាយរបស់អ្នកប្រើប្រាស់ ដើម្បីផ្តល់សន្ទុះដល់កំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់មុខមាត់របស់ទីក្រុងសៀងហៃ។
គណៈកម្មាការពាណិជ្ជកម្មក្រុងសៀងហៃ បានបញ្ជាក់នៅក្នុងផែនការមេថា រដ្ឋបាលក្រុងមានគោលបំណងបង្កើនសក្តានុពលសេដ្ឋកិច្ច ពីការផ្សាយផ្ទាល់តាមអនឡាញ ដើម្បីជំរុញការប្រើប្រាស់ ពាណិជ្ជកម្ម ឧស្សាហកម្ម និងវប្បធម៌ ដោយបញ្ចូលសន្ទុះថ្មី ទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមទាំងមូលរបស់ទីក្រុងសៀងហៃ។
ទីក្រុងធំៗផ្សេងទៀត ដូចជា ទីក្រុងប៉េកាំង ទីក្រុងស៊ិនជិន និងទីក្រុង Hangzhou បានដាក់ចេញវិធានការស្រដៀងគ្នានេះ ដោយចាប់យកឱកាស ពីការរីកចម្រើននៃឧស្សាហកម្មផ្សាយផ្ទាល់ ដើម្បីជំរុញការប្រើប្រាស់។
ជាមួយគ្នានេះ អាជ្ញាធរក្រុងសៀងហៃ បានប្តេជ្ញាជួយដល់បណ្តាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក តាមរយៈការផ្តល់បច្ចេកវិទ្យាថាមពលកុំព្យូទ័រ កម្រិតខ្ពស់ដល់ពួកគេ ស្របតាមការជំរុញរបស់ទីក្រុង លើការប្រើប្រាស់បញ្ញាសិប្បនិម្មិត។
លើសពីនោះ រដ្ឋបាលក្រុងសៀងហៃ ក៏បានលើកទឹកចិត្តឱ្យស្ថាប័នហិរញ្ញវត្ថុនានា ផ្តល់សេវាកម្មហិរញ្ញវត្ថុមានគុណភាពខ្ពស់ ស្របតាមតម្រូវការនៃសេដ្ឋកិច្ច នៅក្នុងវិស័យផ្សាយបន្តផ្ទាល់៕ប្រភព: SCMP៕