ដោយ: គង់ លាងហួរ
សេអ៊ូល: ក្រុមហ៊ុន Korea Land & Housing Corporation ដែលជាក្រុមហ៊ុនគ្រប់គ្រង ដោយរដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាន ក្នុងតំបន់ទីក្រុងនៅខេត្ត Bac Ninh ភាគខាងជើងប្រទេសវៀតណាម។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (Yonhap) បានរាយការណ៍ថា ក្រុមហ៊ុនរដ្ឋរបស់កូរ៉េ គ្រោងនឹងជំរុញការវិនិយោគរបស់ខ្លួន លើទីផ្សារលំនៅដ្ឋាន នៅក្នុងប្រទេសវៀតណាមតាមរយៈតំបន់ទីក្រុងថ្មី ដែលគ្រប់គ្រងដោយរដ្ឋបាលខេត្ត Bac Ninh ។
គម្រោងនេះ នឹងគ្របដណ្តប់ទៅលើផ្ទៃដី ក្នុងទំហំប្រហែល៨,៥លានម៉ែត្រការ៉េ និងអាចមានសមត្ថភាពទទួលប្រជាជនចំនួន៤៩.០០០គ្រួសារ ឬស្មើនឹងជិត១៥៦.០០០នាក់។
ខេត្ត Bac Ninh គឺជាតំបន់មូលដ្ឋានផលិតកម្មរោងចក្រជាច្រើន ដែលគ្រប់គ្រងដោយបណ្តាក្រុមហ៊ុន អន្តរជាតិធំៗដូចជា ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Hanwha របស់កូរ៉េខាងត្បូង និងក្រុមហ៊ុនផលិតបន្ទះឈីប Foxconn របស់កោះតៃវ៉ាន់។
យោងតាមមន្ត្រីមួយរូប មកពីនាយកដ្ឋានរៀបចំផែនការ និងវិនិយោគខេត្ត Bac Ninh បានឲ្យដឹងថា គណៈកម្មាធិការប្រជាជនខេត្តបានរាយការណ៍ ជូននាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អំពីការចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនKorea Land & Housing Corporation ដើម្បីអភិវឌ្ឍន៍តំបន់ទីក្រុង។
ភាគីទាំងពីរបានប្តេជ្ញាថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីបង្កើតគំនិតថ្មីៗសម្រាប់ការវិនិយោគ និងការរៀបចំផែនទីចង្អុលបង្ហាញផ្លូវ សំដៅប្រែក្លាយទីក្រុងនៅខេត្ត Bac Ninh ទៅជាតំបន់ទីក្រុងគំរូទំនើប។
ក្រៅពីបានរៀបចំសិក្ខាសាលា ជាបន្តបន្ទាប់ស្តីពីបញ្ហាទីក្រុងនៅខេត្ត Bac Ninh ភាគីទាំងពីរ ក៏គ្រោងនឹងជំរុញសកម្មភាពទាក់ទាញវិនិយោគិនបរទេស រួមទាំងក្រុមហ៊ុនកូរ៉េខាងត្បូងផងដែរ៕ប្រភព: Tuoi Tre News៕