ដោយ: គង់ លាងហួរ
ម៉ានីល: កាលពីឆ្នាំមុន ចំនួនជិត១ភាគ៣នៃកប៉ាល់ ដែលបានបាត់ខ្លួនទូទាំងពិភពលោក ក្នុងដែនសមុទ្រ ស្ថិតនៅក្នុងតំបន់ជុំវិញប្រទេសហ្វីលីពីន និងបណ្តាប្រទេសផ្សេងទៀតនៅតំបន់អាស៊ី។ នេះបើយោងតាមរបាយការណ៍ សិក្សាស្រាវជ្រាវពីក្រុមហ៊ុន Allianz Global Corporate & Specialty (AGCS)។
យោងតាមរបាយការណ៍ត្រួតពិនិត្យសុវត្ថិភាព និងការដឹកជញ្ជូនឆ្នាំ២០២៤ ចេញផ្សាយដោយក្រុមហ៊ុនAGCS បានកត់សម្គាល់ថា កប៉ាល់ដឹកជញ្ជូនបានបាត់ខ្លួនកាលពីឆ្នាំមុន ភាគច្រើនបានបន្សល់ទុកស្នាមដាន នៅក្នុងប្រទេសហ្វីលីពីន តំបន់ភាគខាងត្បូង នៃប្រទេសចិន និងប្រទេសឥណ្ឌូនេស៊ី។
នៅឆ្នាំ២០២៣ កប៉ាល់សរុបចំនួន២៦គ្រឿង ត្រូវបានបាត់ខ្លួននៅទូទាំងពិភពលោក បើធៀបនឹងកប៉ាល់បានបាត់ខ្លួនចំនួន៤១គ្រឿងក្នុងឆ្នាំ២០២២។
យ៉ាងណាមិញ តួលេខថ្មីចុងក្រោយបំផុតនេះ បានបង្ហាញឱ្យឃើញពីភាពប្រសើរឡើង គួរឱ្យកត់សម្គាល់ ខណៈចំនួនកប៉ាល់បាត់ខ្លួន កាលពីទសវត្សរ៍មុន មានចំនួន១០៥គ្រឿង ក្នុងមួយឆ្នាំ។
កប៉ាល់បានបាត់ខ្លួនភាគច្រើន ជាប្រភេទកប៉ាល់ដឹកទំនិញ មានសរុបចំនួន១៦គ្រឿង បន្ទាប់មកកប៉ាល់នេសាទមានចំនួន៤គ្រឿង និងកប៉ាល់សណ្តោងមានចំនួន៣គ្រឿង។
![](https://cemea.biz/wp-content/uploads/2024/09/6246794138783695929-1024x576.jpg)
របាយការណ៍អះអាងថា ការលិចកប៉ាល់បាត់ចូលទៅក្នុងសមុទ្រ ជាមូលហេតុដ៏ចម្បងមួយ ដែលនាំឱ្យកប៉ាល់ជាច្រើនបាត់ខ្លួនកាលពីឆ្នាំមុន។ រីឯ កប៉ាល់ខ្លះទៀតត្រូវបានកំទេច និងបុកទង្គិចនឹងវត្ថុផ្សេងៗ ខណៈកប៉ាល់មួយចំនួន បានបាត់ខ្លួន ដោយសារគ្រោះអគ្គិភ័យ ឬការផ្ទុះ និងការប៉ះទង្គិចគ្នាជាដើម។
របាយការណ៍ខាងលើដដែល បានកត់សម្គាល់ទៀតថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ជុំវិញប្រទេសរុស្ស៊ី អ៊ុយក្រែន និងសមុទ្រក្រហម បាននាំឱ្យការផ្ទេរកប៉ាល់ឆ្លងកាត់ព្រំដែនជួបប្រទះនឹងបញ្ហាប្រឈមនានា។
លោក Nitin Chopra អ្នកប្រឹក្សាជាន់ខ្ពស់ផ្នែកហានិភ័យលើសមុទ្រនៅក្រុមហ៊ុន Allianz Commercial Asia បានលើកឡើងថា “អស្ថិរភាពនយោបាយ ជម្លោះក្នុងតំបន់ និងការប្រកួតប្រជែងគ្នា បានបង្កឱ្យមានស្ថានភាព ប្រែប្រួលជុំវិញផ្លូវដឹកជញ្ជូនដ៏មមាញឹក បំផុតមួយចំនួនរបស់ពិភពលោក”។
លោកបានបន្ថែមថា វិបត្តិនៅតំបន់សមុទ្រក្រហម បានបង្ហាញឱ្យយើងឃើញថា តើផ្លូវទឹកសំខាន់ៗដូចជា ព្រែកជីកស៊ុយអេ មានសារៈសំខាន់ដល់កម្រិតណា ចំពោះសេដ្ឋកិច្ចពិភពលោក ហើយថាតើផ្លូវទឹកទាំងនេះ ប្រឈមភាពងាយរងគ្រោះខ្លាំងប៉ុណ្ណាដោយសារការរំខានផ្សេងៗ” ៕ប្រភព:INQUIRER.NET៕