ផ្លូវរថភ្លើងពីទីក្រុងបាងកក ទៅកាន់ទីក្រុងប៉េកាំងកាន់តែខិតជិតទីបញ្ចប់

ដោយ: គង់ លាងហួរ

អន្តរជាតិ: គម្រោងរថភ្លើង ណតភ្ជាប់ពីទីក្រុងបាងកក ទៅកាន់ទីក្រុងប៉េកាំង បានបោះជំហានទៅមុខយ៉ាងលឿនកាលពីពេលថ្មីៗនេះ ក្រោយពីប្រទេសថៃ បានសាងសង់បញ្ចប់ស្ពានផ្លូវដែកដ៏សំខាន់មួយ ឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ជាមួយឡាវ។

ការស្ថាបនាស្ពាន បានធ្វើឱ្យការដឹកជញ្ជូន តាមផ្លូវដែកឆ្លងកាត់ព្រំដែនរវាងប្រទេសទាំង២ កាន់តែមានចម្ងាយជិតជាងមុនហើយថៃ ត្រូវដាក់ពង្រាយផ្លូវដែក ក្នុងចម្ងាយត្រឹមតែពីរបីគីឡូម៉ែត្រទៀតប៉ុណ្ណោះ មុនពេលលាតសន្ធឹងដល់ប្រទេសចិន។

ស្របពេលមានការបើក ដាក់ឱ្យដំណើរការផ្លូវដែកថៃ-ឡាវ អ្នកដំណើរអាចចាប់ផ្តើមចាកចេញ ពីស្ថានីយ៍រថភ្លើង Krung Thep Aphiwat នៅទីក្រុងបាងកក ទៅកាន់ស្ថានីយ៍ Khamsavath ក្នុងទីក្រុងវៀងច័ន្ទន៍ រដ្ឋធានីនៃប្រទេសឡាវ។

យ៉ាងណាមិញ បច្ចុប្បន្ន អ្នកធ្វើដំណើរ ពីទីក្រុងបាងកកមកដល់ទីក្រុងវៀងចន្ទន៍ ត្រូវបន្តជិះតាក់ស៊ី និងយានជំនិះផ្សេងទៀត ដើម្បីចេញពីស្ថានីយ៍ Khamsavath ទៅកាន់ស្ថានីយ៍ Vientiane Railway ដែលជាច្រកផ្លូវទៅកាន់ប្រទេសចិន។

ទោះជាយ៉ាងណាក្តី ក្រុមមន្ត្រីមានសុទិដ្ឋិនិយមថា កំណា​ត់ផ្លូវដែក នៅសេសសល់ចុងក្រោយ អាចនឹងត្រូវដាក់ពង្រាយនៅឆ្នាំ២០២៨ខាងមុខ ដើម្បីបញ្ចប់ការតភ្ជាប់ផ្លូវដែកដោយផ្ទាល់ពីទីក្រុងបាងកក ទៅកាន់ទីក្រុងប៉េកាំង។

ផ្លូវរថភ្លើងបាងកក-វៀងចន្ទន៍ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងជួយបង្កើនទំហំពាណិជ្ជកម្មរវាងថៃ និងឡាវ ក៏ដូចជាជំរុញលំហូរទេសចរណ៍អន្តរជាតិ ទៅកាន់ប្រទេសឡាវផងដែរ។ ឡាវបាន និងកំពុងបើកទ្វារចំហសម្រាប់ភ្ញៀវបរទេស ហើយការតភ្ជាប់ផ្លូវដែកថ្មីនេះ ត្រូវបានគេមើលឃើញថា ជាការបោះជំហា​នដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរ រវាងប្រ​ជាជន និងប្រជាជន។

ចំណែក សំបុត្ររថភ្លើងពីទីក្រុងបាងកក ទៅកាន់ទីក្រុងវៀងចន្ទន៍ មានតម្លៃគួរឱ្យទាក់ទាញ ក្នុងនោះកៅអីលំដាប់ទី៣(3rd Class) មានតម្លៃត្រឹមតែ៧,៨០ដុល្លារ។ អ្នកដំណើរក៏អាចជ្រើសរើសកៅអីលំដាប់ទី២ ដែលមានបំពាក់ម៉ាស៊ីនត្រជាក់ក្នុងតម្លៃ១៦ដុល្លារ៕ប្រភព: TravelDailyNews៕