តើទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសឥណ្ឌូនេស៊ី មានសក្តានុពលអ្វីខ្លះសម្រាប់ឆ្នាំ២០២៤?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារអចលនទ្រព្យ របស់ប្រទេសឥណ្ឌូនេស៊ីបន្តទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយនៅឆ្នាំនេះ ក្រុមអ្នកវិនិយោគ និងអ្នកជំនាញកំពុងមើលឃើញឱកាស និងកំណើនជាបន្តបន្ទាប់។

ក្រុមអ្នកវិភាគប៉ាន់ប្រមាណថា ទីផ្សារអចលនទ្រព្យឥណ្ឌូនេស៊ី នឹងកើនឡើងដល់ទំហំ ទឹកប្រាក់៦៤,៧៨ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ និងបន្តកើនឡើងដល់៨៥,៩៧ពាន់លានដុល្លារនៅឆ្នាំ២០២៩ រួមជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ ក្នុងរង្វង់៥,៨២%។

សេដ្ឋកិច្ចដ៏រឹងមាំរបស់ឥណ្ឌូនេស៊ី ផ្តោតលើការអភិវឌ្ឍន៍ ស្របពេលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច មានសញ្ញាប្រសើរឡើង។ ជាក់ស្ដែង ទោះបីជាមានជំងឺកូវីដ-១៩ វិស័យអចលនទ្រព្យនៅតែមានភាពរឹងមាំ ដោយបានចូលរួមចំណែកចាក់បញ្ចូលទឹកប្រាក់ ចំនួន៤៦៨,២២ទ្រីលានរូពៀ ដល់ទំហំGDP របស់ឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០២១។

ទីក្រុងហ្សាការតា កំពុងក្លាយជាទីផ្សារជួលលំនៅដ្ឋានប្រណីតដ៏លេចធ្លោមួយក្នុងតំបន់។ តួយ៉ាង អត្រាគ្របដណ្តប់ការជួលអាផាតម៉ិន ដែលផ្តល់ជូនសេវាកម្ម ដូចសណ្ឋាគារ(Serviced apartments) មានការកើនឡើងជាលំដាប់។

តម្លៃជួលអាផាតម៉ិនជាមធ្យម អាចជួលបានក្នុងទឹកប្រាក់២៨,៨៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD) និងមានតម្លៃ២៦,៥៧ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅភាគខាងត្បូងទីក្រុងហ្សាការតា។

ស្ថាប័នវាយតម្លៃឥណទាន Standard & Poor’s របស់អាមេរិកព្យាករណ៍ថា គោលនយោបាយនានារបស់រដ្ឋាភិបាល និងធនាគារកណ្តាលឥណ្ឌូនេស៊ី នឹងជំរុញឱ្យការលក់លំនៅដ្ឋានកើនឡើង៥% ទៅ១០% នៅឆ្នាំ២០២៤ ជាពិសេសសម្រាប់អ្នកអភិវឌ្ឍន៍ធំៗ។

បច្ចុប្បន្ននេះ ប្រជាជនឥណ្ឌូនេស៊ី ចំនួន៩,៩លានគ្រួសារកំពុងជួបប្រទះ នឹងការខ្វះខាតផ្ទះសម្បែង។ លើសពីនេះ ការប៉ាន់ប្រមាណបង្ហាញថា គ្រួសារថ្មីចន្លោះពី៧០ម៉ឺនគ្រួសារ ទៅ៨០ម៉ឺនគ្រួសារ ត្រូវការលំនៅដ្ឋានក្នុងមួយឆ្នាំ៕ប្រភព:Incorp Indonesia៕