ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារបានស្ទុះងើបឡើងវិញ ទោះបីជាក្រុមអ្នកវិនិយោគបន្តមានក្តីសង្ឃឹមខ្ពស់ចំពោះការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែកញ្ញាខាងមុខយ៉ាងណាក្តី។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៣៤ភាគរយដល់២៥០៣,៤៤ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៣៣%ដល់២.៥៣៩ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៨នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៥១១,៩៥ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៥៤៧,៥០ដុល្លារក្នុងមួយអោន។
នាពេលនេះ ទីផ្សារកំពុងរង់ចាំការថ្លែងសុន្ទរកថាគន្លឹះរបស់លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក (Fed) ក្នុងសន្និសិទនៅថ្ងៃសុក្រស្អែក ដោយមានការចូលរួមពីមន្ត្រីធនាគារកណ្តាល រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអ្នកជំនាញទីផ្សារមកពីជុំវិញពិភពលោក។
បច្ចុប្បន្ន ទីផ្សារបន្តវិភាគឃើញឱកាស១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញា។ នេះបើយោងតាមសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME FedWatch។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងដល់១០១,២១ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០១,០៤ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,១៤%ដល់២៩,៤៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,២៩%ដល់៩៧០,៥០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,២៦%ដល់៩៤៣,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៩នាទីព្រឹក៕