ការវិនិយោគរបស់វៀតណាមនៅឡាវ និងកម្ពុជាកើនឡើងដល់ទំហំទឹកប្រាក់ខ្ទង់ពាន់លានដុល្លារអាមេរិក

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការវិនិយោគ​របស់​វៀតណាម​នៅ​ក្នុងប្រទេសឡាវ​បាន​កើនឡើង​ដល់​ទំហំទឹកប្រាក់ប្រមាណ៥,៥​ពាន់​លាន​ដុល្លារ​អាមេរិកក្នុង​​គម្រោង​ចំនួន​២៥៦​គិតមកទល់ពេលនេះ។

តួលេខខាងលើត្រូវបានប្រកាសនៅថ្ងៃទី១៨ ខែសីហា ក្នុងសន្និសីទមួយនៅខេត្ត Nghe An ប្រទេសវៀតណាម ក្នុងគោលដៅពិនិត្យមើលវឌ្ឍនភាពផែនការសហប្រតិបត្តិការវៀតណាម-ឡាវ ឆ្នាំ២០២៤ និងកំណត់ទិសដៅយុទ្ធសាស្ត្រកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេរភាគី។

ចាប់តាំងពីឆ្នាំ២០២១ ឡាវបានផ្តល់អាជ្ញាប័ណ្ណដល់ម្រោងវិនិយោគរបស់វៀតណាមសរុបជាទឹកប្រាក់ចំនួន៨៦៩,៩លានដុល្លារ។ ក្នុងឆមាសទីមួយឆ្នាំ២០២៤ ឡាវបានអនុម័តគម្រោងថ្មីរបស់វៀតណាមចំនួន៦ ក្រោមទំហំទុនវិនិយោគចំនួន៣៣៩លានដុល្លារ។

យោងតាមលោក Phet Phomphiphak រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវ និងជាប្រធានគណៈកម្មាធិការសហប្រតិបត្តិការឡាវ-វៀតណាម បានមានប្រសាសន៍ឱ្យដឹងថា គម្រោងទាំងនោះផ្តោតលើ វិស័យជាច្រើនដូចជា ការជីកយករ៉ែ អគ្គិសនី និងការថែទាំសុខភាព។

ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏បានកើនឡើងផងដែរ ដោយទំហំពាណិជ្ជកម្មទ្វេរភាគីបានកើនឡើង ១១,១ភាគរយបើធៀបនឹងឆ្នាំមុន។

ប្រទេសទាំងពីរកំពុងបន្តយ៉ាងសកម្មនូវគម្រោងសហប្រតិបត្តិការថ្មីៗ រួមមានផ្លូវល្បឿនលឿនវៀងចន្ទន៍-ហាណូយ និងផ្លូវរថភ្លើងពីរដ្ឋធានីវៀងចន្ទន៍ទៅកាន់ទីក្រុង Vung Ang និងការអភិវឌ្ឍន៍កំពង់ផែ Vung Ang ចំនួន៣ដំណាក់កាល។

ប្រទេសទាំងពីរក៏បានប្តេជ្ញាចិត្តក្នុងការជំរុញពាណិជ្ជកម្មទ្វេរភាគី បង្កើនការតភ្ជាប់ និងធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការថាមពល តាមរយៈការតភ្ជាប់បណ្តាញអគ្គិសនីរវាងវៀតណាម ឡាវ និងកម្ពុជា។

ជាមួយគ្នានេះ បច្ចុប្បន្ន សហគ្រាសវៀតណាមបានបោះទុនវិនិយោគក្នុងគម្រោងចំនួន២០៥ នៅកម្ពុជា ជាមួយនឹងដើមទុនចុះបញ្ជីសរុបចំនួន២,៩៤ពាន់លានដុល្លារ។ វៀតណាមជាប់ចំណាត់ថ្នាក់នៅក្នុងចំណោមបណ្តាប្រទេស និងដែនដីកំពូលទាំង៥ ដែលមានការវិនិយោគផ្ទាល់នៅកម្ពុជា។

វៀតណាម និងឡាវគ្រោងផ្តោតលើការអនុវត្តន៍កិច្ចព្រមព្រៀងកម្រិតខ្ពស់ និងការជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដោយសង្កត់ធ្ងន់យ៉ាងខ្លាំងលើការអភិវឌ្ឍន៍ធនធានមនុស្ស និងការច្នៃប្រឌិតក្នុងវិស័យផលិតកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ការជីកយករ៉ែ និងពាណិជ្ជកម្មអេឡិចត្រូនិក៕ប្រភព: Laotian Times៕