ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្ត្រីក្ករសួងព័ត៌មាន លោកនេត្រ ភក្ត្រាបានលើកទឹកចិត្តដល់សមាគម សហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា ឲ្យបន្តបណ្តុះបណ្តាលជំនាញ សរសេរព័ត៌មានផ្នែកសេដ្ឋកិច្ច ដល់អ្នកសារព័ត៌មានបានកាន់តែច្រើនឡើងបន្ថែមទៀត។
លោករដ្ឋមន្រ្តីបានមានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលជំនាញសរសររព័ត៌មានផ្នែកសេដ្ឋកិច្ច និងចំណេះដឹងពន្ឋដា ដែលរៀបចំដោយសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) និងសមាគមសហព័ន្ឋសេវាកម្មពន្ឋដា(CTAFA) កាលពីព្រឹកថ្ងៃទី១៥ សីហាកន្លងមកនេះ។
លោកនេត្រ ភក្រ្តាបានបន្តថា “ទោះបីការយល់ដឹងទាក់ទង សេដ្ឋកិច្ចមានការលំបាកយ៉ាងក្តី ប៉ុន្តែបើយល់នឹងធ្វើឲ្យយើងជក់ចិត្ត ក្នុងការវិភាគសរសេរព័ត៌មានបានល្អ ព្រោះក្នុងសេដ្ឋកិច្ចមានរឿពាក់ពន្ធ័ទាំងអស់”។
លោកបន្តថា “ការផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់របស់ប្រជាពលរដ្ឋដែលចំណាយពេលច្រើន ទៅអានរឿងអត់ប្រយោជន៍ ឲ្យងាកមកអានព័ត៌មាន ដែលមានប្រយោជន៍ ទាក់ទងវិស័យសេដ្ឋកិច្ច គឺជាកិច្ចការងារសំខាន់ ដែលអ្នកសារព័ត៌មានត្រូវធ្វើ ហើយត្រូវពន្យល់អោយប្រជាពលរដ្ឋយល់ថា ការរស់នៅប្រចាំថ្ងៃគឺដោយសារសេដ្ឋកិច្ច មិនមែនរស់ដោយសារ ការមើលដឹងរឿងដែលអត់ប្រយោជន៍ ដែលគ្មានផ្តល់ចំណេះដឹងដល់ខ្លួនយើងនោះទេ”។
លោកនេត្រ ភ័ក្រ្តាបានបន្តថា ការសរសេរព័ត៌មានផ្នែកសេដ្ឋកិច្ច គឺត្រូវពន្យល់ និងទាញអារម្មណ៍របស់ប្រជាពលរដ្ឋអោយយល់នឹងមើលឃើញ ពីតម្រូវការចាំបាច់ដែលត្រូវមើល ដើម្បីទទួលបានចំណេះដឹង និងជំនាញសម្រាប់ប្រកបរបររកស៊ី និងរស់នៅប្រចាំថ្ងៃ។
លោកបន្តថា សារព័ត៌មានមួយចំនួន សរសេរអត្ថបទផ្សាយ គឺគ្រាន់តែជាការឲ្យអ្នកអានបានដឹង នូវព្រឹត្តការណ៍អ្វីមួយដែលបានកើតមានឡើង ដូចជា គ្រោះថ្នាក់ចរាចរណ៍ រឿងជម្លោះក្នុងគ្រួសារជាដើម ដែលទាំងនេះគ្រាន់តែជាជាដំណឹង មិនមែនជាការផ្តល់នូវចំណេះដឹង នៅក្នុងរឿងនោះទេ ប៉ុន្តែបើប្រជាពលរដ្ឋ អានអំពីដំណើរការអភិវឌ្ឍសេដ្ឋកិច្ច ចាប់ពីពេលនេះ ដល់ឆ្នាំ២០៥០ ថាតើប្រទេសកម្ពុជាត្រូវការអ្វីខ្លះ? ថាតើបច្ចុប្បន្នកំលាំងពលកម្មរបស់កម្ពុជាលើស ឬក៏ខ្វះ ? ដែលនេះគឺយើងអាចអានបានជាព័ត៌មានផង និងផ្តល់នូវចំណេះដឹងជាមូលដ្ឋាន ដើម្បីធ្វើការពិចារណា សម្រាប់ពេលទៅមុខទៀត។
លោកបានលើកឡើងថា ការសរសេរព័ត៌មានផ្នែកសេដ្ឋកិច្ច ជាបញ្ហាឧបសគ្គសម្រាប់ស្ថាប័នសារព័ត៌មាន នៅពេលចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋ មិនមែនជារឿងសេដ្ឋកិច្ច តែជារឿងស៊ី អារម្មណ៍ទៅតាមចិត្តរបស់គាត់។ តែទោះបីជាយ៉ាងណាក៏ដោយ លោកចង់អោយអ្នកសារព័ត៌មានកាន់តែច្រើនដើរតូនាទីសំខាន់ ក្នុងការសរសេរផ្សព្វផ្សាយព័ត៌មានដែលមានការផ្តល់នូវចំណេះដឹង ដល់ប្រជាពលរដ្ឋ ហើយផ្លាស់ប្តូរឥរិយាបទ ងាកមកស្វែងរកមើលព័ត៌មាន ដែលទាក់ទងផ្នែកសេដ្ឋកិច្ច នោះហើយគឺជាភាពរឹងមាំ នៃបង្គោលសេដ្ឋកិច្ចរបស់សារព័ត៌មាន ពីសំណាក់ប្រជាពលរដ្ឋ កាលណាដែលគាត់យល់ គាត់នឹងដឹងហើយចូលចិត្តអានព័ត៌មានសេដ្ឋកិច្ច។
លោកបានគូសបញ្ជាក់ថា “ការផ្តល់ព័ត៌មានត្រឹមត្រូវតាមរយៈអត្ថបទព័ត៌មាននិយាយ អំពីការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតភាពប្រកួតប្រជែង ដល់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្មគឺជាភាពចាំបាច់បំផុត ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋ។
លោកបញ្ជាក់ទៀតថា ការផ្តល់ព័ត៌មានត្រឹមត្រូវ តាមរយៈអត្ថបទព័ត៌មាន និយាយអំពីការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតភាពប្រកួតប្រជែង ដល់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម គឺជាភាពចាំបាច់បំផុតដែលត្រូវផ្តល់ជូន ទោះបីមានការលំបាក ក្នុងការបញ្ចុះបញ្ចូលឲ្យ ប្រជាពលរដ្ឋអានអត្ថបទព័ត៌មានសេដ្ឋកិច្ច តែត្រូវមានចិត្តសាស្រ្ត វិធីសាស្ត្រ ក្នុងការពន្យល់អោយយល់ ទើបគាត់ងាកមកអានព័ត៌មានកាន់តែច្រើនទាក់ទងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងពន្ធដារ អោយស្របទៅដំណើររបស់កម្ពុជាបន្តទៅមុខ ដើម្បីជាប្រយោជន៍សម្រាប់អ្នកអាន។
ចំំណែកលោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាបានមានប្រសាសន៍ថា សមាគមបង្កើតឡើងក្នុងគោលដៅបណ្តុះបណ្តាលធនធានមនុស្សផ្នែកសារព័ត៌មាន ឲ្យមានចំណេះដឹងផ្នែកសេដ្ឋកិច្ច ដើម្បីរួមចំណែកសរសេរ និងផ្តល់ព័ត៌មានសេដ្ឋកិច្ច ទូលំទូលាយដល់សាធារណៈជនជាតិ និងអន្តរជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកបន្តថា “ការដែលរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងមានគោលដៅចង់ផ្លាស់ប្តូរនិន្នាការ របស់អ្នកសារព័ត៌មានមួយចំនួន ពីការសរសេរផ្សាយតែពីភាពអវិជ្ជមាន ពីអសន្តិសុខសង្គម និយាយតែពីរឿងឯកជន ការឈ្លោះប្រកែកតាមបណ្តាញសង្គម មកផ្សាយព័ត៌មានល្អៗរបស់ជាតិ ព្រោះការផ្តល់ព័ត៌មាន មានលក្ខណៈវិជ្ជមានទាំងសេដ្ឋកិច្ច ព័ត៌មាន មានលក្ខណៈអប់រំសង្គម ឲ្យបានស្គាល់ច្បាស់ពីវប្បធ៌ម អរិយធ៌ម ដ៏ផូរផង់របស់ជាតិ”។
ជាមួយគ្នានេះ លោកអ៊ុំ សារ៉ាវុធ ប្រធានសមាគមសហពន្ធ័ភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា បានជម្រាបជូនពីសារៈសំខាន់នៅក្នុងវិស័យព័ត៌មាន ទាក់ទងកិច្ចការងារពន្ធដារ និងជម្រាបជូនពីកាតព្វកិច្ចពន្ធដារ សម្រាប់ម្ចាស់អាជីវកម្មទូទៅ និងការលើកទឹកចិត្តពន្ធដារសម្រាប់វិស័យសារព័ត៌មាន ៕