សម្តេចធិបតីបញ្ជាក់ៈ គ្មានអ្វីជាសម្ងាត់ទេ សូមមើលអោយច្បាស់

ដោយៈ គង់ សូរិយា

ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារបញ្ជាក់យ៉ាងច្បាស់លាស់ នៅលើបណ្តាញទំនាក់ទំនងសង្គម ទាក់ទងនឹងកិច្ចព្រមព្រៀងតំបន់CLV ដែលកំពុងមានបញ្ហាក្តៅគគុក។

សម្តេចធិបតីបានសរសេរ លើបណ្តាញទំនាក់ទំនងសង្គម និងភ្ជាប់ជាមួយសេចក្តីសម្រេចរបស់រដ្ឋសភាជាតិ នៃកម្ពុជា ដែលមានហត្ថលេខា និងស៊ីញ៉េដោយសម្តេចពញ្ញាចក្រីហេង សំរិន អតីតប្រធានរដ្ឋសភាថា សូមជូននូវ សេចក្ដីសម្រេចរបស់ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លេខ០៧៤ រ.ស ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១០ ស្ដីពីការបង្កើតគណៈកម្មការសភា នៃព្រះរាជាណាចក្រកម្ពុជា នៃគណៈកម្មការអន្តរសភា កម្ពុជា-ឡាវ-វៀតណាម ដើម្បីធ្វើការជំរុញ និងតាមដានការអនុវត្ត នូវនយោបាយអភិវឌ្ឍន៍តំបន់ត្រីកោណ CLV។

សូមបញ្ជាក់ថា នៅឆ្នាំ២០០៨ ការបោះឆ្នោតអាណត្តិទី៤រដ្ឋសភា មានគណបក្ស៥បានទទួលអាសន: នៅក្នុងរដ្ឋសភាដែលក្នុងនោះ ៖

– គណបក្សប្រជាជនកម្ពុជា ទទួលបានបាន៩០កៅអី

– គណបក្ស សម រង្សី ទទួលបាន២៦កៅអី

– គណបក្ស សិទ្ធមនុស្សទទួលបាន៣កៅអី

– គណបក្ស នរោត្តម រណឫទ្ធិទទួលបាន២កៅអី

– គណបក្ស ហ្វុនស៊ីនប៉ិចទទួលបាន២កៅអី

សម្តេចសរសេរបន្តថា នៅឆ្នាំ២០១០ រដ្ឋសភាកម្ពុជា រដ្ឋសភាឡាវ និងរដ្ឋសភាវៀតណាម បានបង្កើតរៀងខ្លួននូវគណ:កម្មការសភា ដើម្បីតាមដាន ត្រួតពិនិត្យ និងជំរុញការអនុវត្តនយោបាយអភិវឌ្ឍន៍ តំបន់ត្រីកោណ ក្នុងដែនប្រទេសរៀងៗខ្លួន។

គណបក្ស សម រង្សី និង គណបក្សផ្សេងទៀត ដែលមានតំណាងរាស្ត្រក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី រឺសមាជិកព្រឹទ្ធសភាមណ្ឌល៨ បានចូលរួមក្នុងគណ:កម្មការសភានេះ ហើយគណ: កម្មការនេះ ក៏ត្រូវបានផ្សព្វផ្សាយនៅក្នុងរដ្ឋសភានិងព្រឹទ្ធសភា យ៉ាងទូលំទូលាយដែរ។

សម្តេចបន្តថា ក្នុងសេចក្ដីសម្រេចនេះ ឯ.ឧ ឡុង រី មកពីតំណាងរាស្ត្រខេត្តក្រចេះ របស់គណបក្ស សម រង្សី (ពេលនោះ) ជាសមាជិកមានលេខរៀង១៤ ក្នុងបញ្ជីគណ:កម្មការ៕