ដោយ: គង់ លាងហួ
អន្តរជាតិ: សិង្ហបុរីបានប្រកាសផែនការសាងសង់ កសិដ្ឋា នថាមពលកកើតឡើងវិញ នៅក្នុងដែនទឹកព័ទ្ធជុំវិញប៉ម Raffles Lighthouse ខណៈការសិក្សាអំពីលទ្ធភាព នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី៤ឆ្នាំនេះ។
អាជ្ញាធរដែនសមុទ្រ និងកំពង់ផែសិង្ហបុរី (MPA) បានបញ្ជាក់ប្រាប់សារពត៌មានCNA ថា យើងបានកំណត់ទីតាំងដីទំហំ៣០ហិចតា សម្រាប់ការអភិវឌ្ឍន៍កសិដ្ឋានថាមពល នៅជុំវិញកោះនេះ និងកំពុងពិនិត្យមើលការដំឡើង បន្ទះស្រូបពន្លឺព្រះអាទិត្យពីលើផ្ទៃសមុទ្រ និងទួរប៊ីនខ្យល់នៅក្រោមផ្ទៃទឹក។
ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា “ទីតាំងអភិវឌ្ឍន៍នេះ នឹងក្លាយជាកន្លែងដំបូងគេ ក្នុងប្រទេសសិង្ហបុរី ដែលរួមបញ្ចូលគ្នា នូវការផលិតថាមពលចេញ ពីប្រភពពន្លឺព្រះអាទិត្យ ក៏ដូចជាប្រភពខ្យល់ក្នុងទ្រង់ទ្រាយធំ”។
អ្នកជំនាញមួយរូបបានអះអាងថា ថាមពលសរុបដែលកសិដ្ឋានខាងលើ អាចផលិតបានក្នុងមួយឆ្នាំ អាចផ្គត់ផ្គង់ថាមព លដល់ផ្ទះល្វែងរបស់រដ្ឋ (HBD)ចំនួន១.០០០យូនីត និងស្របតាមតម្រូវការនាពេលខាងមុខ ដើម្បីកាត់បន្ថយកាបូននៅក្នុងឧស្សាហកម្មដែនសមុទ្រ។
ចាប់ពីឆ្នាំ២០៣០ខាងមុខ ជលយានថ្មីនៅតាមកំពង់ផែរបស់ប្រទេសសិង្ហបុរី ត្រូវតែដើរដោយថាមពលអគ្គិសនីពេញលេញ ដោយប្រើប្រាស់ជីវឥន្ធនៈស្អាតជាងមុន ឬប្រើប្រាស់ឥន្ធនៈស្អាតដូចជាអ៊ីដ្រូសែនជាដើម។
វិធានការនេះកើតមានឡើង ស្របពេលដែលសិង្ហបុរីជំរុញឱ្យជលយាន និងទូកកំសាន្តទាំងអស់នៅតាមកំពង់ផែ ត្រូវតែសម្រេចបាន នូវការបំភាយឧស្ម័នសូន្យត្រឹមឆ្នាំ២០៥០ និងជាផ្នែកមួយនៃមហិច្ឆតា ទប់ទល់បញ្ហាអាកាសធាតុថ្នាក់ជាតិ៕ប្រភព: CNA៕