ឥណ្ឌូនេស៊ីបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី ដើម្បីទាក់ទាញរោងចក្ររបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗពីបរទេស

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋមន្ត្រីក្រសួងសម្របសម្រួល កិច្ចការសមុទ្រ និងការវិនិយោគឥណ្ឌូនេស៊ី លោក Luhut Pandjaitan អះអាងថា រដ្ឋាភិបាលបានសម្រេចកំណត់យក តំបន់ឧស្សាហកម្ម Batang (KITB) ជាតំបន់សេដ្ឋកិច្ចពិសេស (SEZ)។

លោក Luhut បានថ្លែងក្នុងពិធីបើក សម្ពោធដាក់ឱ្យប្រើប្រា​ស់តំបន់ឧស្សាហកម្មថ្មីនេះថា “ដូច្នេះយើងនឹងផ្តល់នូវការលើកទឹកចិត្តដូចគ្នា ដូចជា ការលើកលែងពន្ធ និងអត្ថប្រយោជន៍ផ្សេងៗទៀតដូចអ្វី ដែលយើងបានផ្តល់ទៅឱ្យ តំបន់សេដ្ឋកិច្ចពិសេសផ្សេងៗទៀត”។

តំបន់ឧស្សាហកម្មនេះ មានទីតាំងស្ថិតនៅលើកោះ Java ហើយត្រូវបានគេរំពឹងថា នឹងបង្កើតការងារបានយ៉ាងតិច២៥០.០០០កន្លែង នៅក្នុងតំបន់មូលដ្ឋាន និងទាក់ទាញការវិនិយោគរាប់ពាន់លានដុល្លារអាមេរិក។

ទន្ទឹមនឹងនេះ លោកប្រធានាធិបតីឥណ្ឌូនេស៊ីចាំផ្ទះ Joko Widodo បានចាត់ទុកតំបន់នេះថា ជាឱកាសមួយដើម្បីទាក់ទាញក្រុមអ្នកវិនិយោគ ពីក្រៅប្រទេសឱ្យមកបណ្តាក់ទុនសាងសង់រោងចក្រនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

លោកកត់សម្គាល់ថា នៅឆ្នាំ២០២៤ ចំណាត់ថ្នាក់របស់ឥណ្ឌូនេស៊ី នៅក្នុងតារាងសន្ទស្សន៍ សមត្ថភាពប្រកួតប្រជែងពិភពលោក បានឈរនៅលេខរៀងទី២៧ ក្នុងចំណោមប្រ​ទេសចំនួន៦៧  ខណៈកាលពីឆ្នាំ២០២៣ ប្រទេសប្រជុំកោះមួយនេះបានឈរនៅលេខរៀងទី៣៤។

ទោះបីជាយ៉ាង​ណា​ក្តី លោក​ប្រធានាធិបតីបាន​ព្រមាន​ថា បើ​យើងមិន​ចេះ ឆ្លៀត​យក​ឱកាស​ដោយ​ឈ្លាសវៃ​ទេ នោះតំបន់​នេះ​ នឹង​មិន​ផ្តល់​ផល​ប្រយោជន៍ ​ដល់​ប្រទេស​ជាតិឡើយ។

លោកបន្តថា “ក្រុមហ៊ុនឧស្សាហកម្មនានា តែងចាប់អារម្ម​ណ៍ច្រើន ក្នុងការផ្លាស់ប្តូររោងចក្រ ទៅកាន់បណ្តាប្រទេសដែលមានកំណើនសេដ្ឋកិច្ច ប្រកបដោយស្ថិរភាព អត្រាអតិផរណាទាប និងស្ថិរភាពនយោបាយ ហើយអ្នកវិនិយោគជាច្រើនមានទស្សនៈបែបនេះ មកលើប្រទេសឥណ្ឌូនេស៊ី។ ប៉ុន្តែ ប្រសិ​នបើយើងបរាជ័យ ក្នុងការសម្រេចចិត្តបានត្រឹមត្រូវ នោះឱកាសទាំងនេះប្រាកដជានឹងរលាយបាត់”។

តំបន់ឧស្សាហកម្ម Batang ត្រូវ​បាន​កំណត់​មុខងារ​បម្រើ​ឱ្យ​វិស័យ​បច្ចេក​វិទ្យា​លំដាប់ខ្ពស់ និង​ឧស្សាហកម្ម​ប្រើ​កម្លាំង​ពលកម្ម ដោយ​ផ្តោត​លើ​សហគ្រាស​ធុន​តូច និង​មធ្យម។

កាសែត Jakarta Post បានរាយការណ៍ថា រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងចរចាលើកិច្ចព្រមព្រៀង ក្រោមទុនវិនិយោគចន្លោះពី៦០០លានដុល្លារ ទៅ៨០០លានដុល្លារជាមួយក្រុមហ៊ុន LG Energy Solution (LGES) របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីសាងសង់រោងចក្រ ផលិតអាគុយរថយន្តអគ្គិសនី (EV) នៅតំបន់ឧស្សាហកម្មខាងលើ៕ប្រភព: Asia News Networks៕