ដោយ: គង់ លាងហួរ
ប៉េកាំង: រដ្ឋបាលតំបន់មូលដ្ឋាន នៅតាមបណ្តាទីក្រុងធំៗចំនួន២០នៅទូទាំងប្រទេសចិន កំពុងចាប់ផ្តើមបើកដាក់ឱ្យដំណើរការតេស្តសាកល្បង សេវាកម្មរថយន្តដឹកអ្នកដំណើរស្វ័យប្រវត្តិជាលើកដំបូង ដោយគ្មានមនុស្សបើក។
ការតេស្តសាកល្បងខាងលើ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ដើម្បីលើកកម្ពស់ផែនការអភិវឌ្ឍន៍ “មធ្យោបាយដឹកជញ្ជូនឆ្លាតវៃ” សំដៅកែប្រែមុខមាត់របស់ប្រទេសចិន ឱ្យកាន់តែទំនើបជឿនលឿន ស្របតាមបរិបទបច្ចេកវិទ្យាសម័យថ្មី។
ជាក់ស្ដែង រដ្ឋបាលនៅក្នុងទីក្រុងWuhan ខេត្ត Hubei ភាគកណ្តាលប្រទេសចិន បានដាក់ឱ្យសាកល្បងរថយន្តតាក់ស៊ីស្វ័យប្រវត្តិប្រភេទ (Apollo Go) ចំនួន៥០០គ្រឿង ដើម្បីធើ្វចរាចរណ៍នៅលើដងវិថីធំៗ ស្ទើរពាសពេញទីក្រុងទាំងមូល ជាពិសេសនៅតាមសង្កាត់ ដែលមានមនុស្សរស់នៅច្រើន។
យោងតាមក្រុមហ៊ុនបច្ចេកវិទ្យា Baidu ដែលជាអ្នកឌីហ្សាញបង្កើតរថយន្តប្រភេទនេះឡើង បានអះអាងថា យើងគ្រោងដាក់ឱ្យដំណើរការរថយន្តតាក់ស៊ី ស្វ័យប្រវត្តិក្នុងទីក្រុង Wuhan ឱ្យបានចំនួន១០០០គ្រឿង ត្រឹមចុងឆ្នាំ២០២៤ ដើម្បីពន្លឿនដល់ផែនការអភិវឌ្ឍន៍ “មធ្យោបាយដឹកជញ្ជូនឆ្លាតវៃ”។
នៅក្នុងអំឡុងពេលបើក ដំណើរការសាកល្បង រថយន្តតាក់ស៊ីស្វ័យប្រវត្តិ (Apollo Go) ត្រូវមានសមត្ថភាពធ្វើប្រតិបត្តិការគ្រប់គ្រងយានជំនិះដោយខ្លួនឯង ទោះបីជារថយន្តនោះកំពុងស្ថិតក្នុងកាលៈទេសៈលំបាក ឬចរាចរណ៍ស្ទះចង្អៀត ឬផ្លូវមានសភាពបត់បែនយ៉ាងណាក្តី។
ប្រជាជនទីក្រុង Wuhan មួយរូបដែលបានសាកល្បងធើ្វដំណើរលើរថយន្តតាក់ស៊ី Apollo Go បានបង្ហាញទំនុកចិត្តខ្ពស់លើផ្នែកសុវត្ថិភាព ក្នុងការធើ្វដំណើរតាមដងផ្លូវ តាមរយៈសេវាកម្មយានជំនិះស្វ័យប្រវត្តិដ៏ទំនើបមួយនេះ។
ផែនការអភិវឌ្ឍន៍ស្តីពី “មធ្យោបាយដឹកជញ្ជូនឆ្លាតវៃ”របស់រដ្ឋាភិបាលចិន មានគោលដៅដាក់ឱ្យដំណើរការ ជាផ្លូវការជាប្រភេទរថយន្តគ្មានមនុស្សបើក នៅតាមដងផ្លូវសាធារណៈទូទាំងប្រទេសឱ្យបានជាស្ថាពរ ត្រឹមចុងឆ្នាំ២០២៦ខាងមុខ៕ប្រភព: Reuters៕