DBAC ចុះ MOU ជាមួយសមាគម IDI ដើម្បីជម្រុញលើកកំពស់ឧបករណ៍និស្សន្ទ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ សមាគមឈ្មួញជើងសារឧបករណ័និស្សន្ទ៏ (DBAC​) បានចុះអនុស្សរណៈជាមួយសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ដើម្បីជម្រុញ និងលើកកំពស់ការវិនិយោគលើឧបករណ៍និស្សន្ទនៅកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នានេះ (MOU)ត្រូវបានចុះហត្ថលេខារវាងលោកស្រី ប៊ុន សុវ៉ាត់ឌី ជាស្ថាបនិក និងជាប្រធានសមាគម ឈ្មួញជើងសារឧបករណ៍និស្សន្ទ (DBAC) ជាមួយលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មាធិការវិនិយោគ នៃសមាគមវិនិយោ​គិននវានុវត្តន៍ និងអភិវឌ្ឍន៍ ហៅកាត់ថា(IDI)។

ពិធីចុះអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាពលោកស៊ូសុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និង លោក លោកស្រី ភ្ញៀវកិត្តិយស ព្រមទាំងគណៈប្រតិភូ នៃសមាគមទាំងពីរ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅទីតាំងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចជាន់ទី១៥ ។

ការចុះMOUនេះ ធ្វើឡើងក្នុងគោលបំណងដូចជា ទី១ណែនាំ និងផ្តល់ការប្រឹក្សាយោបល់ដល់វិនិយោគិន ដែលមានបំណង់បើកក្រុមហ៊ុន ឈ្មួញជើងសាឧបករណ៍និស្សន្ទ ក្នុងប្រ​ទេសកម្ពុជា លើមធ្យោបាយនីតិវិធីចុះបញ្ជី និងការរៀបចំ។ ទី២ សម្រួលដល់ការប្រឹក្សាលើការរៀបចំ និងចាត់ចែងជូនវិនិយោគិន ពាក់ព័ន្ធការប្រតិបត្តិការអាជីវកម្មឧបករណ៍និស្សន្ទ។

ទី៣ ផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធ លើការជួញដូរឧប​ករណ៍និស្សន្ទ។ ទី៤ ផ្តល់ការប្រឹក្សាផ្តល់យោបល់ លើការជួញដូរឧបករណ៍និស្សន្ទ និងភ្ជាប់ជាមួយលក្ខខណ្ឌពិសេស៕​