ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោកឌិត ទីណា ចូលរួមកិច្ចប្រជុំពិភាក្សា លើគម្រោងបង្កើតប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន និងការអភិវឌ្ឍធនធានមនុស្ស ដំណាក់កាលទី៣។
ក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី៣១ កក្កដា លោករដ្ឋមន្ត្រី បានណែនាំ ដល់មន្ត្រីជំនាញត្រូវតាមដានវិភាគ ពីតួលេខស្ថិតិនៃប្រភេទដំណាំសំខាន់ៗឱ្យច្បាស់លាស់ រាយការណ៍នូវភាពជាក់ស្តែង និងពិតប្រាកដ ហើយត្រូវអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានភាពម្ចាស់ការ។
ជាមួយគ្នានេះ លោកឌិត ទីណាបានគូសបញ្ជាក់ដល់អ្នកជំនាញ ត្រូវសិក្សាលម្អិតបន្ថែមទៀត ដើម្បីរៀបចំគម្រោងផែនការមួយច្បាស់លាស់ ព្រមទាំងវាយតម្លៃនូវលទ្ធផល និងផលប៉ះពាល់ផ្សេងៗ ទាំងលក្ខណៈបច្ចេកទេសនិងនយោបាយ ជាពិសេសត្រូវប្រើប្រាស់ថវិកា ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយមុនធ្វើការអនុវត្តគម្រោងនេះ៕