ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Sameer Chopra អ្នកវិភាគអចលនទ្រព្យជើងចាស់ បានលើកឡើងថា បណ្តាវិនិយោគិនអូស្ត្រាលី គួរតែបោះទុន ទៅក្នុងវិស័យការិយាល័យ ហាង និងសណ្ឋាគារឱ្យចំទីតាំងល្អ ពីព្រោះតម្លៃអចលនទ្រព្យទាំងនេះ នឹងកើនឡើងគ្រប់ទិសទី។
លោក Sameer Chopra ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានលើកឡើងថា នេះគឺជាពេលវេលាដ៏អស្ចារ្យមួយ ក្នុងការទិញអចលនទ្រព្យ ហើយនៅពេលដែលអ្នកដទៃភ័យស្លន់ស្លោ នោះគឺជាពេលវេលាល្អ ដែលអ្នកគួរតែព្យាយាមយ៉ាងសកម្ម”។
លោកបញ្ជាក់ថា កត្តាសំខាន់ៗចំនួន៣៖ ដែលរួមចំណែកដល់សុទិដ្ឋិនិយម សម្រាប់ការវិនិយោគ រួមមាន ទី១: មនុស្សជាង១លាននាក់ ដែលនឹងមកដល់ប្រទេសអូស្ត្រាលី ក្នុងរយៈពេល៣ឆ្នាំខាងមុខ នឹងជំរុញឱ្យតម្រូវការអចលនទ្រព្យ កើនឡើង។ ទី២: ថ្លៃដើមខ្ពស់លើការសាងសង់អចលនទ្រព្យថ្មី និងទី៣: ការព្យាករណ៍អំពីការបញ្ចុះអត្រាការប្រាក់។
លោក Chopra បានបន្តទៀតថា “កំណើនប្រជាជន នឹងទាមទារមិនត្រឹមតែការសាងសង់ ផ្ទះចំនួន៤០០.០០០យូនីតប៉ុណ្ណោះ ទេ ប៉ុន្តែក៏ទាមទារឱ្យមានការអភិវឌ្ឍ អចលនទ្រព្យបែបពាណិជ្ជកម្មផងដែរ”។
លោកជឿជាក់ថា ប្រជាជនជាង១លាននាក់ ដែលចូលមករស់នៅក្នុងប្រទេសអូស្ត្រាលី ក្នុងរយៈពេល៣ខាងមុខ នឹងបង្កើតតម្រូវការសាងសង់ មជ្ឈមណ្ឌលដឹកជញ្ជូនថ្មីទំហំ៤,៥លានម៉ែត្រការ៉េ កន្លែងលក់រាយទំហំ៨០ម៉ឺនម៉ែត្រការ៉េ ការិយាល័យទំហំ៨០ម៉ឺនម៉ែត្រការ៉េ។ សណ្ឋាគារចំនួន១១.៥០០បន្ទប់ និងមន្ទីរពេទ្យចំនួន៣.៣០០គ្រែ។
យ៉ាងណាមិញ លោកបានកត់សម្គាល់ថា ថ្លៃដើមលើការសាងសង់ បានកើនឡើង៣០ភាគរយ ដែលការណ៍នេះកំពុងតែដាក់សម្ពាធយ៉ាងខ្លាំង លើទីផ្សារពាណិជ្ជកម្ម បន្ថែមពីលើទីផ្សារលំនៅដ្ឋាន។
លោកបញ្ជាក់ថា “ដូច្នេះ យើងត្រូវស្វែងរកដើមទុនឱ្យបានច្រើន ដើម្បីបោះទុនវិនិយោគលើអចលនទ្រព្យ ដែលមានស្រាប់ ព្រោះការសាងសង់ថ្មីទាមទារថ្លៃដើមខ្ពស់។ ជាពិសេស អចលនទ្រព្យ ដែលមានទីតាំងនៅជិតគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីនឹងផ្តល់ផលចំណេញល្អ”។
បន្ថែមលើនេះ លោក Chopra បានព្យាករណ៍ថា ធនាគារកណ្តាលអូស្ត្រាលី(RBA) នឹងកាត់បន្ថយអត្រាការប្រាក់ចន្លោះពី៨ទៅ១០ដង ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២៦ខាងមុខ។ការណ៍នេះអាចជះឥទ្ធិពលវិជ្ជមាន សម្រាប់ការវិនិយោគលើទីផ្សារអចលនទ្រព្យ៕ប្រភព:AFR៕