ផ្លូវជាតិលេខ ១០ បានជួសជុលបន្ទាប់ពីរអិលបាក់ស្រុតជាមួយនឹងយានយន្តអាចចរាចរណ៍បានឡើងវិញ

ដោយៈ គង់ សូរិយា
ពោធិសាត់ៈ បណ្តាយានយន្តធុនស្រាល ធុនធ្ងន់ អាចចរាចរណ៍ ជាបណ្តោះអាសន្នបានលើ កំណាត់ផ្លូវជាតិលេខ១០ ដែលបានរអិលបាក់ស្រុត នៅត្រង់ចំណុច PK90+600 ស្ថិតនៅចំណុច ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
កំណាត់ផ្លូវជាតិនេះ បានរងការរអិលបាក់ស្រុត នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤កន្លងមកនេះ។

លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៃខេត្តពោធិ៍សាត់បានជម្រុញឲ្យមានការរៀបចំ សម្រួលផ្លូវនេះឡើងវិញ ដើម្បីអនុញ្ញាត្តឲ្យយានយន្តតូច ធំអាចបើកបរបានឡើងវិញ។

ទីតាំងលើកំណាត់ផ្លូវជាតិ១០ ដែលមានដីរអិល បាក់ ស្រុតនេះ បណ្តាលមកពីភ្លៀងធ្លាក់ជាប្រចាំ ជោកជាំជាងកន្លះខែមកនេះ ធ្វើឱ្យទឹកហូរច្រោះដីនៅស្រទាប់ខាងក្រោម និងបាក់ស្រុត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។

គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន៨៩,៥៦%ហើយ។ ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប១៩៨,៥១ គីឡូម៉ែត្រ និងតភ្ជាប់ខេត្តចំនួន៣ រួមមាន ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។

គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕