រដ្ឋមន្រ្តីក្រសួងព័ត៌មានចាប់ផ្តើមប្រមូលមតិយោបល់ដើម្បីបង្កើតធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន

ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកនេត្រ ភ័ក្រ្តា បានអញ្ជើញបើកសិក្ខាសលា ដើម្បីទទួលបានមតិយោបល់ពីសមាគមអ្នកសារព័ត៌មាន និងវិស័យ ដែលធ្វើការងារទាក់ទងវិស័យសារព័ត៌មាននៅកម្ពុជា ដើម្បីបង្កើតធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានសំដៅធានាបានលំហរ និងសន្តិសុខសារព័ត៌មាននៅកម្ពុជា។

កិច្ចពិភាក្សាលើសេចក្តីព្រាង “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ដែលប្រារពធ្វើនៅថ្ងៃទី២៤ កក្កដានេះ មានសម្របសម្រួលផ្ទាល់ដោយ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

យោងតាមរបៀបវរៈមានសមាគមចំនួន៧ មានឈ្មោះឡើងបញ្ចេញមតិយោបល់ ទៅលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននាព្រឹកនេះរួមមាន៖
១-) តំណាងអង្គការយូណេស្កូ
២-) ក្លឹបអ្នកកាសែតកម្ពុជា (CCJ)
៣-) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (Camboja)
៤-) សមាគមសារព័ត៌មានកម្ពុជា-ចិន
៥-) សមាគមសារព័ត៌មានអភិវឌ្ឍវិជ្ជាជីវៈសារព័ត៌មាន
៦-) សមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ (MSJ) និង
៧-) មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា។

លោកទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់ក្រុមការងារផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីនធើណេតក្រសួងព័ត៌មានថ្មីៗ អំពីភាពចាំបាច់ដែលកម្ពុជាត្រូវតែមានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះថា ដើម្បីឲ្យប្រទេសកម្ពុជា មានគោលការណ៍មួយរួមស្តីពីក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន សម្រាប់តួអង្គពាក់ព័ន្ធទាំងអស់ យកទៅអនុវត្ត ដើម្បីលើកកម្ពស់ការយល់ដឹង និងការអនុវត្តក្រមសីលធម៌រួម សំដៅលើកស្ទួយគុណតម្លៃ គោលការណ៍គ្រឹះនៃវិជ្ជាជីវៈសារព័ត៌មាន និងធានាសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាននៅកម្ពុជា។

តម្រូវការធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ក៏បានកើតឡើងស្របពេលដែលសង្គមកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងការវិវត្តឥតឈប់ឈរនៃបច្ចេកវិទ្យាទំនើប ដែលរាជរដ្ឋាភិបាល ក្រសួងព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ ដើម្បីធានាលំហនិងសន្តិសុខព័ត៌មាន ឱ្យមានប្រសិទ្ធភាពស្របតាមសម័យកាល៕