ដោយ: គង់ លាងហួរ
បាងកក: កាលពី៤០ឆ្នាំមុន ក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញឧស្ម័នធម្មជាតិ នៅឈូងសមុទ្រថៃ ដែលនាំឱ្យមានការផ្តួចផ្តើម គម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ នៅភាគខាងកើតនៃប្រទេសថៃ និងបានទាក់ទាញការវិនិយោគ ពីបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់។
ការរកឃើញកំណប់ទ្រព្យនេះ បានធ្វើឱ្យប្រទេសថៃសង្ឃឹមថា ខ្លួននឹងអាចក្លាយជាខ្លាសេដ្ឋកិច្ចទី៥ របស់តំបន់អាស៊ី។
ប៉ុន្តែក្តីសុបិននេះបានរលាយបាត់ទៅវិញ ដោយសារថៃជួបប្រទះ អស្ថិរភាពនយោបាយផ្ទៃក្នុងប្រទេស និងការគ្រប់គ្រងគោលនយោបាយសេដ្ឋកិច្ច មិនបានល្អប្រសើរ បូករួមទាំងការផ្ទុះឡើងនូវវិបត្តិហិរញ្ញវត្ថុនៅឆ្នាំ១៩៩៧។
វិបត្តិនេះត្រូវបានបង្កឡើង ដោយសារតែស្ថាប័នហិរញ្ញវត្ថុថៃ បានផ្តល់ប្រាក់កម្ចីយ៉ាងច្រើនលើសលប់ជ្រុល និងការធ្វើសេរីភាវូបនីយកម្មទីផ្សារហិរញ្ញវត្ថុ ដែលអនុញ្ញាតឱ្យធនាគារពាណិជ្ជ អាចខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុបរទេស ដើម្បីផ្តល់ប្រាក់កម្ចីដល់អ្នកប្រកបអាជីវកម្ម។
លោក Pornchai Thiraveja អគ្គនាយកនៃការិយាល័យគោលនយោបាយសារពើពន្ធ ចំណុះក្រោមក្រសួងហិរញ្ញវត្ថុថៃ បានលើកឡើងថា “ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុ កាលពីឆ្នាំ១៩៩៧-១៩៩៨ ទំហំវិនិយោគសរុបរបស់វិស័យសាធារណៈ និងឯកជន បានធ្លាក់ចុះក្រោម២៥% នៃផលទុនជាតិសរុប”។
ផលធៀបរវាងទំហំទុនវិនិយោគឯកជន និងទំហំផលទុនជាតិសរុប(GDP) បានហក់ឡើងដល់កម្រិតកំពូល៤១% ក្នុងឆ្នាំ១៩៩៥ និងបានធ្លាក់ចុះមកត្រឹម១៨% នៅឆ្នាំ២០២៣។
ចំណែក ផលធៀបរវាងទំហំទុនវិនិយោគសាធារណៈ និងទំហំ GDP បានកើនឡើងដល់១៣% ក្នុងឆ្នាំ១៩៩៧ ប៉ុន្តែចាប់តាំងពីពេលនោះមក អត្រានេះបានធ្លាក់ចុះជាលំដាប់ មកនៅត្រឹម៦%ប៉ុណ្ណោះ នៅឆ្នាំ២០២៣។
ក្នុងន័យនេះ លោក Pornchai បានសង្កត់ធ្ងន់ថា ប្រទេសថៃត្រូវតែពន្លឿន ការជំរុញលំហូរទុនវិនិយោគ ដើម្បីស្តារសេដ្ឋកិច្ច និងដោះស្រាយបញ្ហារចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលបានអូសបន្លាយអស់រយៈពេលយូរ ជាច្រើនទសវត្សរ៍កន្លងមកនេះ។
យោងតាមលោក Pornchai បានឱ្យដឹងថា ក្បាលម៉ាស៊ីនសេដ្ឋកិច្ច នាពេលបច្ចុប្បន្នរបស់ប្រទេសថៃ ពឹងផ្អែកលើការប្រើប្រាស់ឯកជន ដែលមានចំណែក៥៩% នៃផលទុនជាតិសរុប ខណៈការវិនិយោគទាំងវិស័យឯកជន និងវិស័យសាធារណៈក្តោបបានចំណែក២៤%នៃផលទុនជាតិសរុប។
លោកបានឱ្យដឹងបន្តថា “យើងចាំបាច់ត្រូវធ្វើពិពិធកម្មការវិនិយោគរបស់យើង ឆ្ពោះទៅរកម៉ាស៊ីនកំណើនសេដ្ឋកិច្ចថ្មីដែលរួមមានវិស័យមួយចំនួន ដូចជា វិស័យកសិកម្ម អាហារ និងជីវបច្ចេកវិទ្យា ការថែទាំសុខភាព ព្រមទាំងវិស័យរថយន្ត និងគ្រឿងចក្រជាដើម”។
លោក Pornchai បានបញ្ជាក់បន្ថែមថា កាលពីអតីតកាល និងរហូតមកដល់បច្ចុប្បន្នកាល ប្រទេសថៃបានបោះទុនវិនិយោគលើ គម្រោងធំៗជាច្រើន។
គម្រោងសំខាន់ៗរួមមាន អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ដែលបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ១៩៦០ និងបានបើកដំណើរការក្នុងឆ្នាំ២០០៥ ព្រមទាំងការបង្កើតកម្មវិធីអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេស ក្នុងឆ្នាំ១៩៨២ គម្រោងរថភ្លើងអគ្គិសនី នៅទីក្រុងបាងកក និងបណ្តាខេត្តជុំវិញ ដែលចាប់ផ្តើមសាងសង់ក្នុងឆ្នាំ១៩៩០ និងបានបន្តរហូតមកដល់ពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ គម្រោងដឹកជញ្ជូនល្បឿនលឿនរហ័ស (Mass Rapid Transit) បានចាប់ផ្តើមស្ថាបនាដំបូងនៅឆ្នាំ១៩៩៧ និងបាននិងកំពុងបន្តដំណើរការហូតដល់សព្វថ្ងៃ។
ចំណែក គម្រោងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) បានចាប់ផ្តើមនៅឆ្នាំ២០១៨ ក្រោមទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសរុបចំនួន៦៥០ពាន់លានបាត និងគម្រោង Land Bridge ដែលត្រូវការទុនវិនិយោគ ប្រហែល១ទ្រីលានបាត៕ប្រភព: Bangkok Post៕