លោកឌិត ទីណាអញ្ជើញទៅកាន់តំបន់ស្ទឹងអារ៉ែង ដើម្បីពិនិត្យមើលអំពីលទ្ធភាពបង្កកំណើត និងបង្កាត់ពូជរបស់ត្រីនាគ

ដោយៈ និស្ស័យ
កោះកុងៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណាអមដំណើរ ដោយថ្នាក់ដឹកនាំក្រសួង បានអញ្ជើញទស្សនកិច្ច មជ្ឈមណ្ឌលសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ស្ថិតនៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។

ដំណើរបេសកកម្មរបស់ លោករដ្ឋមន្ដ្រី ឌិត ទីណា នេះ មានគោលដៅពិនិត្យមើល អំពីលទ្ធភាពបង្កកំណើត និងបង្កាត់ពូជត្រីនាគ និងសត្វកម្រផ្សេងៗទៀត នៅក្នុងតំបន់ស្ទឹងអារ៉ែង ដើម្បីបង្កើនចំនួននៃសត្វទាំងនេះ នៅក្នុងធម្មជាតិ។

ត្រីនាគត្រូវបានចាត់ចូលជាប្រភេទត្រី ជិតផុតពូជនៅក្នុងប្រទេសកម្ពុជា ខណៈពិភពលោកចាត់ទុកត្រីប្រភេទនេះ ចូលទៅក្នុងឧបសម្ព័ន្ធ១ នៃអនុសញ្ញាសាយតេស (CITES)។ បើតាមការស្រាវជ្រាវ កម្ពុជាមានត្រីនាគមេពូជប្រមាណ៥០ក្បាលតែប៉ុណ្ណោះ នៅតាមតំបន់ស្ទឹងអារ៉ែង។

ជាការកត់សម្គាល់ នៅក្នុងដំណើរបេសកកម្មនេះដែរ លោករដ្ឋមន្ត្រី ឌិត ទីណា បានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង និងបានណែនាំដល់សហគមន៍ ឱ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាធនធានធម្មជាតិ និងធនធានជលផល។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងនឹងសហការជាមួយដៃគូនានា ក្នុងការចូលរួមការពារថែរក្សាធនធានព្រៃឈើសត្វព្រៃ និងជលផល ឱ្យកាន់តែមានប្រសិទ្ធភាព និងមាននិរន្តរភាព៕