នាយករដ្ឋមន្ត្រីឥណ្ឌាគ្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធតម្លៃ ៣,៥ពាន់លានដុល្លារនៅទីក្រុងបុមបៃ

ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi គ្រោងប្រកាសគម្រោងហេដ្ឋារចនាសម្ព័ន្ឋ ដែលមានតម្លៃ៣,៥ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយកាត់បន្ថយការកកស្ទះចរាចរណ៍ និងជំរុញទីផ្សារការងារនៅទីក្រុងបុមបៃ។

រដ្ឋាភិបាលបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងសាងសង់ផ្លូវថ្នល់ ដើម្បីសម្រួលចរាចរណ៍ រួមមាន គម្រោងផ្លូវតភ្ជាប់តំបន់ជាយក្រុងបុមបៃ ចំនួន២ រួមមានសង្កាត់ Thane និងសង្កាត់ Borivali និងគម្រោងផ្លូវរូងក្រោមដី ដែលនឹងតភ្ជាប់រវាងសង្កាត់ Goregaon និងសង្កាត់ Mulund ។

លោក Modi ក៏គ្រោងនឹងចូលរួមពិធី បើកការដ្ឋានសាងសង់ចំណតស្ថានីយ ដឹកទំនិញនៅទីក្រុង Navi Mumbai និងប្រកាសដាក់ឱ្យអនុវត្តន៍ កម្មវិធីកម្មសិក្សារបស់យុវជន ក្រោមទុនវិនិយោគចំនួន៦៧០,២៤លានដុល្លារ ដើម្បីដោះស្រាយអត្រាភាពអត់ការងារធ្វើ។

នៅឆ្នាំនេះ ទីក្រុងបុមបៃបានបង្រួមគម្លាត រយៈពេល២ទសវត្សរ៍ ជុំវិញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ខណៈរដ្ឋាភិបាលរបស់លោកModi បានបើកដាក់ឱ្យប្រើប្រាស់គម្រោងស្ពានវែងជាងគេ បំផុតរបស់ប្រទេសឥណ្ឌា Mumbai Trans Harbor Link និងគម្រោងផ្លូវល្បឿនលឿន ឆ្លងកាត់ឆ្នេរសមុទ្រ ស្ថិតនៅប៉ែកខាងត្បូងក្រុងបុមបៃ។

ចំណែកឯ កំណាត់ខ្សែរថភ្លើងប្រភេទ Metro line ភាគខាងជើងទីក្រុងបុមបៃ ក៏ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមប្រតិបត្តិការក្នុងពេលឆាប់ៗនេះផងដែរ។ គម្រោងទាំង៣នេះ គ្របចំណែក១ ភាគ៣នៃគម្រោងផ្លូវដែក និងផ្លូវថ្នល់ស្ថិតក្រោមទុនវិនិយោគប្រហែល ៣០ពាន់លានដុល្លារអាមេរិក ដែលនឹងត្រូវដំណើរការក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

ទីក្រុងបុមបៃ គឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុខ្នាតយក្ស និងជាទីក្រុង ដែលមានប្រជាជនរស់នៅច្រើន ជាងគេបំផុតនៅប្រទេសឥណ្ឌា ដែលមានប្រជាជនរស់នៅ ប្រមាណ១២,៥លាននាក់៕ប្រភព: Bloomberg៕