តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុម​អ្នក​វិនិយោគ​បានបង្ហាញសុទិដ្ឋិនិយមថា ​ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងសម្រេចចិត្តបញ្ចុះអត្រាការប្រាក់នៅខែកញ្ញាខាងមុខ ដែលការណ៍បានជំរុញឱ្យតម្រូវការមាសហក់ឡើងខ្ពស់។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២៩%ដល់២៤៦៥,៦២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤៣%ដល់២៤៧០,៦០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២០នាទីព្រឹក។

លោក Christopher Waller ទេសាភិបាលធនាគារ Fed បានលើកឡើងថា “ពេលវេលាសម្រាប់ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកកាន់តែខិតជិតមកដល់ហើយ”។

ចំណែក លោកស្រី Adriana Kugler ដែលជាទេសាភិបាលមួយរូបទៀតរបស់ធនាគារកណ្តាលអាមេរិក ក៏បានសម្តែងសុទិដ្ឋិនិយមផងដែរថា “អត្រាអតិផរណាកំពុងវិលត្រលប់ទៅកាន់គោលដៅ២ភាគរយ របស់ធនាគារកណ្តាលអាមេរិកវិញ”។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៩៨,១ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃវិញបន្តិចដល់១០៣,៧៩ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៣,៧៥ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៧៧%ដល់៣០,៦១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,២៥%ដល់១០១០,៦០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,០៨%ដល់៩៥៥ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២៣នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ៕