ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Huawei Technologies គ្រោងបញ្ចប់ការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យានៅទីក្រុងសៀងហៃ ក្នុងពេលឆាប់ៗនេះ ដែលជាគោលដៅមហិច្ឆតារបស់ប្រទេសចិន បើទោះបីជាសហរដ្ឋអាមេរិកព្យា យាមរារាំងវឌ្ឍនភាពនេះយ៉ាងណាក្តី។
យោងតាមសេចក្តីថ្លែងការណ៍ នៅលើគេហទំព័ររបស់រដ្ឋបាលក្រុងសៀងហៃ បានឱ្យដឹងថា សួនបច្ចេកវិទ្យានេះនឹងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ ដ៏ធំជាងគេបំផុតរបស់ក្រុមហ៊ុន Huawei ដែលនឹងមានបុគ្គលិកបម្រើការងារ ប្រមាណ៣ម៉ឺននាក់។
សួនបច្ចេកវិទ្យាខាងលើ មានទីតាំងនៅក្នុងសង្កាត់ Qingpu នៅតំបន់ជាយក្រុងសៀងហៃ ដែលគ្របដណ្តប់លើផ្ទៃដីទំហំ១,៦លានម៉ែត្រការ៉េ និងមានបណ្តាញផ្លូវថ្នល់ផ្ទាល់ខ្លួន ប្រព័ន្ធផ្លូវដែកតូចមួយ និងស្ពានមួយខ្សែ។
យោងតាមរដ្ឋបាលទីក្រុងសៀងហៃ បានឱ្យដឹងថា សួនបច្ចេកវិទ្យាថ្មីនេះ នឹងបន្តស្រាវជ្រាវដើម្បីទម្លាយ នូវរបកគំហើញថ្មីៗ នៅក្នុងការផលិតឧបករណ៍អេឡិចត្រូនិក បណ្តាញឥតខ្សែ និងបច្ចេកវិទ្យាអ៊ីនធឺណេត។ ការសាងសង់ទីតាំងស្រាវជ្រាវដ៏ធំនេះបានចំណាយទុនវិនិយោគ សរុបចំនួន ១០ពាន់លានយ័ន (ប្រហែល១,៤០ពាន់លានដុល្លារ)។
ក្រុមហ៊ុនយក្ស Huawei គឺជាគោលដៅនៃការដាក់ទណ្ឌកម្ម និងការរឹតបន្តឹងលើការនាំចេញ របស់សហរដ្ឋអាមេរិកអស់ជាច្រើនឆ្នាំមកហើយ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងប្រជែងគ្នាដណ្តើមយកឧត្តមភាព នៅក្នុងវិស័យបច្ចេកវិទ្យាជាន់ខ្ពស់។
កាលពីឆ្នាំ២០២៣កន្លងទៅ ក្រុមហ៊ុនចិនខាងលើ បានទទួលជោគជ័យយ៉ាងធំធេង តាមរយៈការដាក់ឱ្យដំណើរការទូរស័ព្ទ 5G ថ្មីមួយ ដែលដំណើរការដោយបន្ទះឈីប កម្រិតខ្ពស់ប្រភេទ 7-nanometer ដែលផលិតនៅក្នុងប្រទេសចិនតែម្តង។
គិតចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិក បានផ្តួចផ្តើមចំណាត់ការទប់ស្កាត់បន្ថែមទៀត ដើម្បីទប់ស្កាត់វឌ្ឍនភាពរបស់ក្រុមហ៊ុន Huawei ព្រមទាំងបានស្នើសុំឱ្យបណ្តាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ចាត់វិធានការរឹតបន្តឹងថ្មី លើការលក់ផលិតផលបច្ចេកវិទ្យាទំនើបទៅកាន់ប្រទេសចិន៕ប្រភព: Bloomberg៕