ហ្វីលីពីនរំពឹងទាញបានផលសេដ្ឋកិច្ចវិស័យកាស៊ីណូ ក្រោយបង្កើនជើងហោះហើរជាមួយប្រទេសកូរ៉េខាងត្បូង

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាកាស៊ីណូធំៗ នៅរដ្ឋធានីម៉ានីលក្នុងប្រទេ​សហ្វីលីពីនត្រូវបានគេរំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ពីការពង្រីកសេវាកម្មជើងហោះហើរ ប្រចាំសប្តាហ៍រវាងទីក្រុងម៉ានីល និងទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង។

ភាគីទាំង២ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ដោយនឹងបង្កើនសមត្ថភាព កៅអីផ្ទុកអ្នកដំនើរប្រចាំសប្តាហ៍ពី២ម៉ឺនកៅអី ឡើងដល់៣ម៉ឺនកៅអីរវាងអាកាសយានដ្ឋាន Manila Ninoy Aquino International និងអាកាសយានដ្ឋាន Seoul Incheon International ។

ទីក្រុងម៉ានីល និងទីក្រុងអ៊ីនឈុន គឺជាទីផ្សារកាស៊ីណូពាណិជ្ជកម្មដ៏ធំ។ ក្នុងនោះ កាស៊ីណូកម្សាន្តធំៗរបស់រដ្ឋធានីម៉ានីល រួមមាន កាស៊ីណូ Okada កាស៊ីណូ City of Dreams កាស៊ីណូ Solaire និងកាស៊ីណូ Newport Resorts World ដែលទទួលស្វាគមន៍ ទាំងភ្ញៀវទេសចរណ៍ក្នុងស្រុក និងបរទេស។

ឧស្សាហកម្មល្បែងស៊ីសង នៅប្រទេសហ្វីលីពីនកំពុងបន្តស្ទុះងើបឡើងវិញ ក្រោយវិបត្ត្តិជំងឺកូវីដ-១៩។ ប្រទេសសមាជិកអាស៊ានមួយនេះ បានទទួលអត្ថប្រយោជន៍យ៉ាងច្រើន បន្ទាប់ពីរដ្ឋាភិបាលចិន បានដាក់ចេញវិធានការបង្ក្រាប លើក្រុមអ្នកញៀនល្បែងស៊ីសង ដែលជាប្រភពផ្តល់ប្រាក់ចំណូលទៅកាន់តំបន់រដ្ឋបាលពិសេសម៉ាកាវ។

ក្រុមហ៊ុនកាស៊ីណូធំៗមួយចំនួន បានផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួនមកកាន់ប្រទេសហ្វីលីពីន ដោយមើលឃើញលក្ខណៈអំណោយផលជាងទីក្រុងម៉ាកាវ។ បន្ថែមពីនោះ ហ្វីលីពីនក៏កំពុងទាក់ទាញភ្ញៀវកាស៊ីណូ មកពីបណ្តាប្រទេសអ្នកមានផ្សេងទៀតនៅតំបន់អាស៊ី ដូចជាកូរ៉េខាងត្បូងជាដើម។

យោងតាមរបាយការណ៍ ពីក្រសួងទេសចរណ៍ហ្វីលីពីនបង្ហាញថា កូរ៉េខាងត្បូង គឺជាប្រភពលំហូរភ្ញៀវទេសចរណ៍បរទេសធំជាងគេបំផុត របស់ខ្លួនក្នុងឆ្នាំនេះ។ ជាក់ស្តែង ហ្វីលីពីនទាក់ទាញ បានអ្នកដំណើរមកពីកូរ៉េខាងត្បូង ជិត៧៩៣.០០០នាក់ គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ ដែលស្មើនឹងចំណែក២៨% នៃចំនួនភ្ញៀវទេសចរណ៍បរទេសសរុប៕ប្រភព:Casino.Org៕