សមាគមធ្វើការទាក់ទងវិស័យហិរញ្ញវត្ថុ២ ពិភាក្សាអំពីភាពធន់របស់វិស័យនេះ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា ដោយ​មាន​ការ​គាំទ្រ​ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​រដ្ឋបាល​ខេត្ត​មួយ​ចំនួន បានរៀបចំសិក្ខាសាលាដើម្បីជម្រុញភាពធន់របស់វិស័យនេះ ការធានាការពារអតិថិជន។

សិក្ខា​សាលា​ជា​បន្តបន្ទាប់​ស្ដីពី “អភិបាលកិច្ច​របស់​គ្រឹះស្ថា​ន​ហិរញ្ញវត្ថុ​ក្នុ ង​ការ​ធានាប្រសិទ្ធភាព ​នៃ​ប្រតិបត្តិការ​ប្រកប​ដោយ​ចីរភាព ការ​ទទួល​ខុស​ត្រូវ និង​បរិយាបន្ន” ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ​របស់​​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។

គោលបំណង​សិក្ខាសាលានេះ ដើម្បី​ចែក​រំលែក​ចំណេះដឹង​ដល់​អ្នក​គ្រប់គ្រង​សាខា ​អំពី​ការ​ទទួល​ខុសត្រូវ​សំខាន់ៗ​របស់​ពួកគេ ​ក្នុង​ប្រតិបត្តិការ​ធនាគារ ​ប្រកប​ដោយ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ដោយ​បង្កើន​ភាពធន់​នៃ​វិស័យនេះ និង​ធានា​ការការពារ​អតិថិជន។

យោង​តាម​ឯកសារសមាគមបាន​បង្ហាញ​ថា វិស័យ​នេះ​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ ដែល​កើត​ចេញ​ពី​ជំងឺ​រាតត្បាត​កូវីដ-១៩ ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​អូស​បន្លាយ និង​ការ​កើនឡើង​អត្រា​ការ​ប្រាក់ ​ដែល​កំណត់​ដោយ​ធនាគារ​កណ្តាល​អាមេរិក។

ខណៈពេល​ដែល​បញ្ហា​ទាំងនេះ​ បាន​ធ្វើ​ឱ្យ​កំណើន​យឺតយ៉ាវ​ ក្នុង​វិស័យ​ធនាគារ​របស់​សហរដ្ឋ​អាមេរិក កម្ពុជា​ក៏​ឃើញ​មានការ​កើនឡើង ​នៃ​ការ​សង​ឥណទាន​យឺត​ផងដែរ។

សិក្ខាសាលា​មួយ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ខេត្តសៀមរាប។ ក្រោម​អធិបតីភាព​លោក សំកុល សុចិ​ត្រា អភិបាលរង​ខេត្តសៀមរាប និង​លោកអែម កំណាន់ អគ្គនាយករង​ ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា រួមជាមួយ​តំណាង​សមាគម​ទាំងពីរ​។​

អ្នកគ្រប់គ្រង​សាខា​ប្រមាណ៨០នាក់ ​មក​ពី​ខេត្ត​សៀមរាប ព្រះវិហារ កំពង់ធំ និង​កំពង់ចាម​បាន​ចូលរួម​។​

សិក្ខាសាលា​នា​ពេល​ខាងមុខ ត្រូវ​បាន​កំណត់​ពេល​សម្រា​ប់​ខេត្ត​បាត់ដំបង រាជធានី​ភ្នំពេញ និង​ខេត្តរតនគិរី ដែល​គ្រប​ដណ្តប់​លើ​តំបន់​សំខាន់ៗ ​ក្នុងប្រទេស​កម្ពុជា​។​

លោក កំណាន់ បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់ ​នៃ​សិក្ខាសាលា​​ទាំងនេះ ជា​មធ្យោបាយ​ដើម្បី​បង្កើន​ ការយល់ដឹង​អំពី​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ធនាគារ ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ ក្រមសីលធម៌ ច្បាប់​ឥណទាន គោលការណ៍​អភិបាលកិច្ច​ល្អ និង​បច្ចេកទេស​គ្រប់គ្រង​សាខា​។​

លោក​បាន​ឱ្យ​ដឹង​ថា សិក្ខាសាលា​ទាំងនេះ ផ្តល់​ជា​វេទិកា​មួយ​សម្រាប់​សមាគម និង​ស្ថាប័ន​នានា ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម​ជាក់ស្តែង និង​​ប្រតិបត្តិ​ការ​របស់​សាខា​ខេត្ត និង​ក្រុង​។​

លោកកំណាន់ បាន​បញ្ជាក់ថា ​ថ្នាក់ដឹកនាំ​សាខា ឬ​តំបន់​របស់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​អភិបាលកិច្ច ដែល​ផ្តោត​ជាពិសេស​លើ​ចីរភាព ប្រសិទ្ធភាព ការ​ទទួល​ខុសត្រូវ និង​បរិ​យាប​ន្ន។

លោក​បាន​បន្ដថា​ “ពិត​ជាមាន​សារៈសំខាន់​ណាស់ ដោយ​សារ​គោលការណ៍​ទាំងនេះ មិន​ត្រឹម​ធានា​នូវ​ជោគជ័យ​និង​កេរ្តិ៍ឈ្មោះ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ វា​ក៏បាន​រួមចំណែក​ដល់​ការអភិវឌ្ឍ​សហគមន៍ និង​វិស័យ​ធនាគារ​ទាំងមូល​”។ 

ជាមួយគ្នានេះ លោកតូច ចៅ​ចេក សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​ធនាគារ​កម្ពុជា ​បាន​ពិភាក្សា​អំពី​វិធានការ​សកម្ម​ដែល​កំពុង​ត្រូវបាន​អនុវត្ត​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈ​ម និង​លើកកម្ពស់​ការអនុវត្ត​អាជីវកម្ម ​ប្រកបដោយ​ការទទួលខុសត្រូវ​៕