ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា គ្រោងចំណាយថវិកា៥០លានដុល្លារលើការផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ សម្រាប់ឆ្នាំ២០២៤ ២០២៥។
ដើម្បីជម្រុញប្រសិទ្ឋភាពការងារនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារ ជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។
លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកាលពីថ្ងៃទី៩ កក្កដាកន្លងមកថា វាជាលទ្ឋផលនៃតស៊ូ មតិរយៈពេល២០ឆ្នាំមកហើយ ដែលនេះជាអ្វីដែលក្រុមការងារផ្នែកឯកជនបានសម្តែងការអបអរសាទរ ដែលថវិកានេះនឹងប្រើប្រាស់លើការងាររដ្ឋបាល ការផ្សព្វផ្សាយ ការងារធ្វើទីផ្សារ។
លោកបន្តថា “ថវិកានេះជាបដិភាគរបស់រដ្ឋាភិបាល ការចូលរូមពីវិស័យអាកាសចរណ៍ និងព្រលានយន្តហោះនានា”។លោកបន្តថា “សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា(CATA)បានដើរតួនាទីមួយជំហ៊ានហើយ ដែលថ្នាក់ដឹកនាំនាំសមាគមនេះ បានចំណាយទាំងពេលវេលា ថវិកាផ្ទាល់ខ្លួនដើម្បីផ្សព្វផ្សាយទេសចរណ៍ពីកម្ពុជា ទៅកាន់ពិភពលោក”។
លោកហូ វណ្ឌីបានបន្តថា យើងត្រូវការបញ្ចុះតម្លៃសេវាកម្ម ការរឹតបន្តឹងការងារមួយចំនួន ការងារទាក់ទងនឹងទិដ្ឋាការ ដែលគូរលើកលែង។ បញ្ហាសណ្តាប់ធ្នាប់ អនាម័យ សវុត្ថិភាព យើងមិនគួរមើលរំលង ព្រោះវាជាភាពទាក់ទាញមួយ។ លោកបន្តថា “បញ្ហាតម្លៃសំបុត្រយន្តហោះមកកម្ពុជា ថ្លៃជាងគោលដៅដទៃទៀត ដោយសារយន្តហោះរបស់គេ មានភ្ញៀវជិះពេញៗ ប៉ុន្តែមកកាន់គោលដៅកម្ពុជា មានភ្ញៀវជិះចន្លោះពី៥០ទៅ៧០ភាគរយ នៃកៅអីយន្តហោះសរុបប៉ុណ្ណោះ។
លោកបញ្ជាក់ថា “ខ្ញុំសុំខ្នាតគំរូមួយ សម្រាប់ការធ្វើការទាក់ទងនឹងវិស័យនេះ ទាំងព្រលានយន្តហោះ សេវាកម្មផ្សេងៗដែលពាក់ព័ន្ឋនឹងវិស័យនេះ”។
រដ្ឋមន្រ្តីក្រសូងទេសចរណ៍លោកសុខ សូកេនបានប្តេជ្ញាចិត្តជាមួយវិស័យឯកជន ដើម្បីធ្វើការងារនេះ ទោះបីធ្វើការមិនបានសម្រាកក៏ដោយ៕