ដោយៈ គង់ សូរិយា
ភ្នំពេញៈ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) លោកយិន លាងគង់ បានថ្លែងថា សេដ្ឋកិច្ចកម្ពុជា នឹងមានសុខភាពរឹងមាំក្នុងរយៈពេលវែង ជាមួយការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលផ្តល់តម្លៃបន្ថែម ដល់កំលាំងពលកម្មជំនាញ។
លោកបានមានប្រសាសន៍ ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី៩ កក្កដាថា ការឈានមកកាន់ខឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប និងឈានទៅកាន់ឋានៈជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ជាឥទ្ឋិពលដ៏សំខាន់មួយក្នុងទីផ្សារ ព្រោះអំណាចនៃការទិញកំពុងកើនឡើង ទោះបីស្ថានភាពសេដ្ឋកិច្ចត្រូវបានប្រទាញប្រទង់ ដោយសារបញ្ហាភូមិសាស្រ្តនយោបាយ និងសង្រ្គាមកើនឡើងក្តី។
លោកបញ្ជាក់ថា “ការគាំងលំហូរសាច់ប្រាក់ FDI លើវិស័យអចលនទ្រព្យ និងការរឹតបន្តឹងឥណទានពីធនាគារ ក្នុងស្រុក ពិតជាបាន និងកំពុងជះឥទ្ឋិពលលើវិស័យនេះ ប៉ុន្តែវាបានធ្វើឲ្យទីផ្សារនេះ មានភាពធន់ច្រើនជាងមុន ទាំងសុខភាពសេដ្ឋកិច្ច ក៏ដូចជាវិស័យអចលនទ្រព្យ”។
លោកបានបន្តដោយពន្យល់ថា ភាពធន់ជាងមុន ក្នុងវិស័យនេះ គឺមានន័យសំដៅដល់អ្នកអភិវឌ្ឍន៍ធំៗ កំពុងធ្វើពិពិធកម្មទីផ្សារ និងកំពុងរកវិធីសាស្រ្ត ដើម្បីស្តារស្ថានភាពនេះ ខណៈអ្នកវិនិយោគតូចៗ កាន់តែមានចំណេះដឹងច្រើនជាងមុន មុនពួកគេសម្រេចចិត្តវិនិយោគ ដែលអាចបញ្ចៀសហានិភ័យនាពេលអនាគតបាន។
លោកយិន លាងគង់បានបន្តថា “ពិតមែនហើយ យើងពិតជាត្រូវការភាពអត់ធន់បន្ថែមទៀត ប៉ុន្តែសញ្ញានៃក្តីសង្ឃឹមក៏កើតមានផងដែរ តាមរយៈការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីទាក់ទាញការវិនិយោគ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋធំៗកំពុងបន្ត ស្របពេលដែលប្រជាពលរដ្ឋ បានគិតច្រើនជាងមុន ដើម្បីទាញផលប្រយោជន៍ ពីសេដ្ឋកិច្ចមូលដ្ឋានរបស់ខ្លួន”។
លោកបញ្ជាក់ថា ការកើនឡើងអំណាចនៃការទិញ ជាដែកឆក់មួយ ដែលធ្វើឲ្យអ្នកធុរកិច្ចអន្តរជាតិ សម្លឹងមើលមកកាន់ទីផ្សារនេះ។ លោកបន្តថា អ្នកវិនិយោគធំៗ មុនឈានជើងមកកាន់ប្រទេសមួយ ពួកគេសម្លឹងអំណាចនៃការទិញ ឬជីវភាពរបស់ប្រជាជនប្រទេសនោះជាមុន មុនពួកគេសម្រេចចិត្តមកវិនិយោគ។
លោកបន្តទៀតថា នៅពេលដែលប្រជាជន គិតកាន់តែច្រើន ពួកគេកាន់តែឆ្លាត រដ្ឋាភិបាលខំប្រឹងប្រែងនឹងបានផលកាន់តែច្រើន ស្របពេលការផ្លាស់ប្តូរពលកម្ម ពីអតិពលកម្ម(អតិពលកម្ម សំដៅដល់ការប្រើប្រាស់ពលកម្មគ្មានជំនាញ)មកកកាន់ពលកម្មដែលមានជំនាញ នឹងធ្វើឲ្យចំណូលប្រជាពលរដ្ឋកើនជាងមុន ខណៈសំណាញ់សុវត្ថិភាពសង្គម(បសស) ត្រូវបានយកចិត្តទុកដាក់កាន់តែខ្លាំងពីរដ្ឋាភិបាល ដើម្បីកសាងសង្គមមួយមានភាពរ៉ឹងមាំ និងស៊ីវិល័យ។
លោកយិន លាងគង់ បានជម្រុញឲ្យអ្នកអភិវឌ្ឍន៍សិក្សាពីរសនិយមររបស់ប្រជាជនវ័យក្មេង ដែលមានអាយុក្រោម៣០ឆ្នាំ មាន ៦៥ភាគរយ ដែលពួកគេបាន និងកំពុងក្លាយជាមួលធនមនុស្ស និងជាធនធានដ៏មានសក្តានុពល សម្រាប់ជម្រុញកំនើនសេដ្ឋកិច្ចជាតិ។ លោកបន្តថា ការសិក្សាពីរសនិយមរបស់ពួកគេ ប្រព័ន្ឋនៃការគិតរបស់ពួកគេ យើងនឹងរកឃើញឱកាសធំមួយ ដែលអាចទាញបានប្រយោជន៍មិននឹកស្មានដល់៕