ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស៊ុន ចាន់ថុល បានអនុញ្ញាតឱ្យលោក Geoffroy Roux de Bézieux ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបសម្ដែងការគួរសមនាឱកាសនេះ លោកប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្ដែងការគួរសម ហើយក្នុងនោះផងដែរ លោកក៏បានស្នើសុំអនុសាសន៍ណែនាំ ពីលោក ឧបនាយករដ្ឋមន្ត្រី ពាក់ព័ន្ធជាមួយសក្ដានុពលវិនិយោគ នៅកម្ពុជា ពិសេសវិស័យអាទិភាព ដែលទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា។
ជាថ្មីម្ដងទៀតក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើង អំពីហេតុផលសំខាន់នានា ដែលជាសក្ដានុពលរបស់កម្ពុជា ដែលបើកឱកាសកាស ជូនគ្រប់បណ្ដាវិនិយោគិនទាំងការវិនិយោគ ដោយផ្ទាល់ពីបរទេស និងក្នុងស្រុកផងដែរ។
ជាការបង្ហាញជូននូវទឡ្ហីករជាក់ស្ដែង ម្ដងហើយម្ដងទៀតអំពីកត្តាសុខសន្តិភាពរបស់កម្ពុជា ដែលអនុញ្ញាតឱ្យកម្ពុជាបើកទ្វារចំហរ ចាំទទួលគ្រប់បណ្ដាវិនិយោគិនទាំងអស់។
ក្រៅពីនេះផងដែរ មានកត្តាផ្សេងទៀត ដូចជា ស្ថេរភាពនយោបាយ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាពអតិផរណា រដ្ឋាភិបាលគាំទ្រធុរកិច្ច ធនធានមនុស្សកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងមានទីផ្សារដែលមានភាពចំហរផងដែរ។
ចំពោះវិស័យអាទិភាព ស្របតាមច្បាប់វិនិយោគថ្មី ឆ្នាំ២០២១របស់កម្ពុជា និងស្របតាមផែនការ ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានផ្ដល់អាទិភាពលើការវិនិយោគផ្ទាល់ពីបរទេស និងផ្ដល់ការលើកទឹកចិត្ត ពិសេសលើវិស័យមានជាអាទិ៍ឧស្សាហកម្មថ្មីៗ ដូចជា គ្រឿងអេឡិកត្រូនិក យានយន្ត គ្រឿងបង្គុំ កសិ-ឧស្សាហកម្ម និងការកែច្នៃចំណីអាហារជាដើម៕