តើទ្រព្យសកម្មណាខ្លះដែលផ្តល់ផលចំណេញខ្ពស់បំផុតពីការវិនិយោគនៅក្នុងឆមាសទី១?

ដោយ: គង់ លាងហួរ
អន្តរជាតិ: Bitcoin គឺជាទ្រព្យសកម្មវិនិយោគ ដែលទទួលបានផលចំណេញច្រើនជាងគេបំផុត ក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំ២០២៤នេះ ដោយក្នុងនោះតម្លៃ Bitcoin សកលបានកើនឡើង៤៨% តាមពីក្រោយដោយមាស និងភាគហ៊ុន។

Bitcoin ដែលជារូបិយប័ណ្ណគ្រីបតូ ដ៏ធំបំផុតរបស់ពិភពលោក បានបិទការជួញដូរ ក្នុងតម្លៃ៦២.៦៧៨ដុល្លារអាមេរិកក្នុងមួយកាក់ កាលពីថ្ងៃទី៣០ ខែមិថុនា។

និយ័តករមូលបត្រអាមេរិក បានអនុម័តទទួលស្គាល់មូលនិធិជួញដូររូបិយប័ណ្ណឌីជីថល Bitcoin នៅក្នុងខែមករា។ ការណ៍នេះ បានជំរុញឱ្យតម្លៃហក់ឡើង ដល់កម្រិតខ្ពស់បំផុតប្រមាណ ៧៣.៧៥០ដុល្លារ ក្នុងមួយកាក់ នៅពាក់កណ្តាលខែមីនា។ប៉ុន្តែតម្លៃ Bitcoin បានធ្លាក់ចុះវិញនៅត្រីមាសទី២ ដោយសារអ្នកវិនិយោគ បានសម្រុកលក់យកប្រាក់ចំណេញ។

បើក្រឡេកមកមើលប្រទេសវៀតណាម តម្លៃចិញ្ចៀនមាសបានកើនឡើង២០% ដោយបិទការជួញដូរនៅថ្ងៃទី៣០ ខែមិថុនា ក្នុងតម្លៃ៧៥,៥៥លានដុង (ប្រហែល២៩៧២,៥៤ដុល្លារ)ក្នុងមួយតម្លឹង (tael)។

តម្លៃគ្រឿងអលង្ការ ដែលធ្វើឡើងអំពីមាស បានបន្តកើនឡើង បើទោះបីជាតម្លៃដុំមាស (Bullion)បានធ្លាក់ចុះយ៉ាងគំហុកនៅក្នុងខែឧសភា និងខែមិថុនាយ៉ាងណាក្តី ខណៈធនាគារកណ្តាលវៀតណាម បានធ្វើអន្តរាគមន៍ ដើម្បីធ្វើយ៉ាងណាឱ្យតម្លៃមាសក្នុងស្រុកមានស្ថិរភាព។

លោក Nguyen An Huy ទីប្រឹក្សាហិរញ្ញវត្ថុនៅក្រុមហ៊ុនប្រឹក្សាវិនិយោគ FIDT បានលើកឡើងថា តម្លៃចិញ្ចៀនមាសនៅវៀតណាម តែងតែប្រែប្រួល ទៅតាមការវិវឌ្ឍន៍ជាសកល ខណៈតម្លៃមាស spot gold នៅទូទាំងពិភពលោក បានហក់ឡើងថ្លៃ១៣% ក្នុងរយៈពេលប្រាំមួយខែដំបូងដើមឆ្នាំនេះ។

ចំណែក សន្ទស្សន៍ផ្សារហ៊ុនវៀតណាម VN-Index បានហក់ឡើងថ្លៃ១០ភាគរយ នៅក្នុងឆមាសទី១ ឆ្នាំនេះ ដោយបិទការជួញដូរ កាលពីខែមិថុនាក្នុងកម្រិត១.២៨០ពិន្ទុ។

កាលពីពាក់កណ្តាលខែមិថុនា សន្ទស្សន៍នេះបានហក់ឡើងថ្លៃលើសពី១.៣០០ពិន្ទុ ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២ឆ្នាំ។
លោក Nguyen Hoang Giang ប្រធានក្រុមហ៊ុនឈ្មួញជើងសាDNSE បានលើកឡើងថា ភាគហ៊ុនគឺជាទ្រព្យសកម្មវិនិយោគដ៏ល្អ នាពេលអនាគតដ៏ខ្លី ដោយសារសេដ្ឋកិច្ចរបស់វៀតណាម បានកើនឡើងលើសពីការព្យាករណ៍ ក្នុងរង្វង់៦,៤២% នៅក្នុងឆមាសទី១ ហើយអតិរេកពាណិជ្ជកម្ម សម្រេចបានទំហំទឹកប្រាក់ជាង១១,៦ពាន់លានដុល្លារ៕ប្រភព: Vnexpress៕