ជប៉ុនផ្តល់ជំនួយជាង ៦០លានដុល្លារលើគំរោងចំនួន២ នៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាង៦០លានដុល្លារអាមេរិក លើគំរោងចំនួន២នៅកម្ពុជា ដោយពិធីចុះហត្ថលេខាបានធ្វើនៅទីក្រុងភ្នំពេញកាលពីចុងសប្តាហ៍មុន។

ពិធីចុះហត្ថលេខានៃប្រទេសទាំងពីរ ធ្វើឡើងរវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី ខាមីខាវ៉ា យ៉ូកុ (KAMIKAWA Yoko) រដ្ឋមន្ត្រីការបរទេសជប៉ុន ក្នុងអំឡុវមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់៦ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ ភាគីទាំងពីរបានឯកភាពគ្នាថា ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងជប៉ុន មានភាពកាន់តែរឹងមាំ ព្រមទាំងបានផ្លាស់ប្តូរយោបល់ក្នុង ការបន្តលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលមានសក្តានុពល និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។

ជាមួយគ្នានោះ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធគម្រោង២ ទី១ ការផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ២,៧ លានដុល្លារ សម្រាប់ការអនុវត្តគម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស និងទី២ ការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ប្រមាណ៥៩,៦ លានដុល្លារ សម្រាប់ការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ (ធ្លាម្អម- បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) (III)។

លោក សុខ ចិន្តាសោភា បានអរគុណដល់ជប៉ុន ដែលជប៉ុនបានចុះហត្ថលេខា លើសម្រាប់គម្រោងទាំងពីរនេះ។លោក ក៏បានបញ្ជាក់ថា ប្រទេសជប៉ុន មិនគ្រាន់តែបានរួមចំណែកយ៉ាងសំខាន់ ដល់ដំណើរការកសាងសន្តិភាពនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់ជំនួយ សម្រាប់ការស្តារអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជាថែមទៀតផងដែរ៕