ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាយាមរកអំណះអំណាង ដើម្បីបង្ហាញពីកំណើនសេដ្ឋកិច្ច ស្របពេលប្រជាពលរដ្ឋភាគច្រើនរិះគន់លើការព្យាករណ៍នានា។
ការព្យាករណ៍របស់រដ្ឋាភិបាលកម្ពុជា កាលពីដើមឆ្នាំបានអះអាងថា សេដ្ឋកិច្ចកម្ពុជាកំពុងមានស្ទុះងើបឡើងវិញ គួរឱ្យកត់សម្គាល់នៅឆ្នាំ២០២៤ ជាមួយអត្រាកំណើនដែលរំពឹងទុក ៦ ភាគរយ ដូចដែលបានរាយការណ៍ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការព្យាករណ៍ប្រកបដោយសុទិដ្ឋិនិយមនេះ ត្រូវបានសន្មតថា បានមកពីការងើបឡើងវិញបន្តិចម្តងៗ នៃសេដ្ឋកិច្ចពិភពលោក និងស្ថេរភាពនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសស្របតាមដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា។
ក្រសួងសេដ្ឋកិច្ចរំពឹងថា នឹងមានកំណើនជាបន្តបន្ទាប់នៅក្នុងប៉ុន្មានឆ្នាំខាងមុខ ជាមួយអត្រាការព្យាករណ៍សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៦,៣ភាគរយ សម្រាប់ឆ្នាំ២០២៥ និងជាមធ្យម៦,៦ភាគរយ សម្រាប់ឆ្នាំ២០២៦-២០២៧។
ទោះបីជាមានសូចនាករ សេដ្ឋកិច្ចវិជ្ជមានទាំងនេះក៏ដោយ ក៏ប្រជាជនកម្ពុជាជាច្រើន សម្តែងការមិនពេញចិត្តចំពោះជីវភាពរស់នៅរបស់ពួកគេ ពីកំណើនលើតួលេខផលិតផលក្នុងស្រុកសរុប ឬ(ផ.ស.ស.) ដែលកំពុងរីកចម្រើននេះ។
លោកផាន់ ផល្លា រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ ក្នុងវេទិកាមួយកាលពីសប្តាហ៍មុនថា ឆ្នាំ២០២៣ ជាលើកដំបូងដែលផលិតផល មិនមែនផលិតផលកាត់ដេរមានការនាំចេញច្រើន។
លោកបានឱ្យដឹងថា ផសសត្រូវបានបែងចែកជាពីរប្រភេទ គឺការគណនាជាក់ស្ដែង ដែលផ្ដោតលើ ផសស ឆ្នាំកន្លងទៅ ជាអ្វីដែលវិទ្យាស្ថានស្ថិតិ ពឹងផ្អែកលើតួលេខជាក់ស្ដែង និងការព្យាករណ៍អត្រាកំណើនផសស ដែលត្រូវបានធ្វើឡើងដោយការពិនិត្យមើលលើសេដ្ឋកិច្ចសកល។
លោកបញ្ជាក់ថា “សេដ្ឋកិច្ចប្រទេសកម្ពុជាពឹងផ្អែកលើប្រទេសណាខ្លះ សម្រាប់ការនាំចេញ ដូចជា សហគមអឺរ៉ុប អាមេរិក និងនាំចូលពីចិនច្រើន”។ ឧទាហរណ៍ បើសេដ្ឋកិច្ចនៅតំបន់អឺរ៉ុបមានភាពប្រសើរ វាមានន័យថា ការប្រើប្រាស់ និងការបញ្ជាទិញទំនិញពីកម្ពុជាមានការកើនឡើងដែរ។
ឆ្លើយតបនឹងការត្អូញត្អែរ ពីស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋ និងរិះគន់ការអះអាង អំពីកំណើនសេដ្ឋកិច្ចកើនឡើងក្នុងរង្វង់៦ភាគរយ លោក ផាន់ ផល្លា បានឱ្យដឹងថា បើការព្យាករណ៍ ឃើញកំណើនសេដ្ឋកិច្ចកើនឡើង ឬវិជ្ជមាន វាមានន័យថា សកម្មភាពសេដ្ឋកិច្ចល្អប្រសើរ។
លោកបញ្ជាក់បន្ដថា ការកើនឡើងផសស ក្នុងរង្វង់៥ ឬ៦ភាគរយនេះ កើតឡើងពីវិស័យមួយចំនួន គឺសកម្មភាពនៃការផលិតមានការកើនឡើង។ ដូច្នេះ ប្រជាពលរដ្ឋមានការងារច្រើនជាងមុន។ ដូចគ្នាដែរ បើប្រទេសមួយគ្មានសកម្មភាពសេដ្ឋកិច្ច ការងារ និងចំណូលក៏ថយ។
លោកបានបញ្ជាក់ថា ចំពោះស្ថានភាពបច្ចុប្បន្ននេះ មិនមែនបងប្អូនទាំងអស់គ្នា ជួបការលំបាកនោះទេ។ ឧទាហរណ៍ វិស័យធនាគារ ជាវិស័យមួយដែលមានចំណូលខ្លាំង ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ក៏ជួបការលំបាកផងដែឬ។
លោកទទួលស្គាល់ថា វិស័យមួយចំនួនទៀតជួបការលំបាក ដូចជា វិស័យទេសចរណ៍ ត្រូវបានបំផ្លាញដោយវិបត្ដិកូវីដ ១៩ ដែលធ្លាក់ពីជាង៥លាននាក់ មកត្រឹមតែប៉ុន្មានម៉ឺននាក់។ ក្រោយវិបត្ដិកូវីដ១៩ កំណើនភ្ញៀវទេសចរបានកើនឡើងយឺតៗ ដែលនៅឆ្ងាយពីតួលេខមុនវិបត្ដិជំងឺរាតត្បាតសកល។
លោកបានបន្ថែមថា នៅក្នុងវិស័យមួយចំនួនទៀត រួមទាំង ឧស្សាហកម្ម ហើយស្ថានភាពបច្ចុប្បន្ននេះ ទោះបីជាយើងមានកំណើនសេដ្ឋកិច្ច ក៏វាមិនទាន់ដូចមុនកូវីដ១៩ទេ។ អ៊ីចឹង និយាយពីចំណូល ពួកគាត់មាន តែមិនច្រើនដូចមុនទេ។
ទោះបីជាមានកំណើនផលិតផលក្នុងស្រុកសរុប (ផសស) ក៏ដោយ ក៏ទស្សនវិស័យសេដ្ឋកិច្ច នៅតែមិនប្រាកដប្រជាខ្ពស់ ដោយសារទិដ្ឋភាពសេដ្ឋកិច្ចពិភពលោក និងតំបន់ ដែលបន្តជួបវិបត្តិជាច្រើន និងរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម ដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
ភាពមិនប្រាកដប្រជាទាំងនេះ បង្កឱ្យមានហានិភ័យដែលអាចជំរុញ ឬរារាំងដល់គន្លងរីកចម្រើន សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោក អ៊ុង លុយណា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយថា កំណើនសេដ្ឋកិច្ចឆ្នាំ២០២៤ និងឆ្នាំ២០២៥ ភាគច្រើន បានមកពីពាណិជ្ជកម្ម មិនមែនឧស្សាហកម្មកាត់ដេរ ដូចជា ការនាំចេញសូឡា កង់ សម្បកកង់រថយន្ដ ហើយឆ្នាំ២០២៤ នេះ វិស័យកាត់ដេរបានងើបឡើងវិញខ្លះ ពីការធ្លាក់ចុះនៅឆ្នាំ២០២៣។
លោកបានឱ្យដឹងថា ការធ្លាក់ចុះនៃវិស័យកាត់ដេរប៉ះពាល់ខ្លាំងដែរដល់ប្រជាពលរដ្ឋទូទៅ ដោយសារកម្មករមិនសូវមានប្រាក់ចំណាយ ដែលជះឥទ្ធិពលដល់ការលក់រាយ។
លោកអ៊ុង លុយណាបានបន្ដថា ចំពោះការនាំចូលរថយន្ដឡាន វាមានការធ្លាក់ចុះខ្លាំងមែនទែន ដោយសារ មិនសូវឃើញប្រើប្រាស់ឡានប្រណីត តែជាប្រភេទឡានធម្មតាវិញ។
លោកបញ្ជាក់ថា “កម្ពុជាបន្ដជំរុញស្វែងរកចលករវិស័យផ្សេងៗដែលជួយបង្កើនសេដ្ឋកិច្ច បន្ថែមពីលើវិស័យកាត់ដេរ។ ដើម្បីតាមដាន និងទ្រទ្រង់ក្នុងការស្វែងរក វិស័យអាទិភាពដទៃទៀត រាជរដ្ឋាភិបាលត្រូវលះបង់ច្រើន រួមទាំង ការលើកលែងពន្ធ ពន្ធដារជាដើម”។
លោក កែវ ចិត្រា ប្រធាននាយកដ្ឋានគណនេយ្យជាតិ វិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការ បានឱ្យដឹងថា ការគណនាកម្រិត ផសស ត្រូវធ្វើឡើងតាមស្ដង់ដា របស់អង្គការសហប្រជាជាតិ ដោយផ្អែកលើផលិតកម្មរបស់ខេត្ដនីមួយៗ៕