ដោយ: គង់ លាងហួរ
អន្តរជាតិ: អគារ Shanghai Tower ជាអគារខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសចិន។ អគារនេះ ត្រូវបានចាប់ផ្តើមសាងសង់ឡើងនៅឆ្នាំ២០០៨ និងបានបញ្ចប់រួចរាល់នៅក្នុងឆ្នាំ២០១៥។ អគារនេះ គឺជាអគារខ្ពស់កប់ពពក ដែលមានរចនាយ៉ាងល្អវិសេសវិសាល។
អគារ Shanghai Tower ត្រូវបានរចនាឌីហ្សាញដោយក្រុមហ៊ុនស្ថាបត្យកម្មអាមេរិក Gensler ដោយក្នុងនោះមានលោកស្ថាបត្យករ Marshall Strabala លោក Jun Xia ជាអ្នកដឹកនាំក្រុមការងាររចនាម៉ូដអគារ។
អគារខ្ពស់ជាងគេ នៅក្នុងប្រទេសចិនមួយនេះ ត្រូវបានរចនាឡើង ប្រកបដោយគំនិតច្នៃប្រឌិតថ្មី ដោយផ្អែកលើ Shikumen ដែលជារចនាបថលំនៅដ្ឋាន បែបប្រពៃណីក្នុងស្រុករបស់ប្រជាជនសៀងហៃ ដែលរួមបញ្ចូលគ្នាទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។
អគារនេះមានកម្ពស់១២៨ជាន់ ឬស្មើនឹង៦៣២ម៉ែត្រ និងមានផ្ទៃក្រឡាទំហំ៣៨០.០០០ម៉ែត្រការ៉េ។ Shanghai Tower ជាអគារកញ្ចក់ខ្ពស់កប់ពពក ដែលមានរូបរាងរមួលត្របាញ់ខ្លួនចូលគ្នាយ៉ាងស្រស់ស្អាត ជាទម្រង់មូលពងក្រពើ ដែលជួយឱ្យអគារអាចទប់ទល់នឹងខ្យល់បានល្អប្រសើរ។
ម្យ៉ាងទៀត អគារនេះបានចូលរួមចំណែក យ៉ាងច្រើនក្នុងការថែរក្សាស្ថេរភាពបរិស្ថាន ព្រោះអគារ Shanghai Tower អាចសន្សំថាមពលជាច្រើន តាមរយៈការប្រើប្រាស់ពន្លឺព្រះអាទិត្យ និងប្រព័ន្ធគ្រប់គ្រងកម្ដៅឆ្លាតវៃ។
អគារខ្ពស់កប់ពពក Shanghai Tower មានទីតាំងនៅទីក្រុងសៀងហៃ និងបានចំណាយពេលវេលាអស់ជិត៧ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ ដោយបោះទុនវិនិយោគអស់ប្រមាណ២,៤ពាន់លានដុល្លារអាមេរិក។
មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងអគារនេះថែមទាំងមានផ្ទុកនូវជណ្ដើរយន្តលឿនបំផុតលើពិភពលោក ដែលអាចដំណើរការក្នុងល្បឿន២០,៥ម៉ែត្រក្នុងមួយវិនាទី និងមានភោជនីយដ្ឋានលំដាប់ប្រណីតបំផុត នៅលើពិភពលោកថែមទៀតផង។
អគារ Shanghai Tower ជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំបំផុត ដែលរួមមានការិយាល័យ មជ្ឈមណ្ឌលផ្សារទំនើប កន្លែងកម្សាន្ត សាលតាំងពិព័រណ៍និងសារៈមន្ទីរ ព្រមទាំងមានសណ្ឋាគារប្រណីត រួមទាំងភោជនីយដ្ឋាននៅជាន់ទី១២០ និងមានកន្លែងមើលទេសភាព ពីលើកំពូលអគារ (Observation Deck)។
ថ្លៃចំណាយលើការស្នាក់នៅក្នុងសណ្ឋាគារ J Hotel ក្នុងអគារ Shanghai Tower មានតម្លៃចាប់ពី៥៧០,៩៧ដុល្លារឡើងទៅ ក្នុងមួយយប់សម្រាប់មនុស្សពេញវ័យ២នាក់ ដោយមិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗនៅឡើយ។ រីឯ ថ្លៃចតរថយន្ត ដែលមានការធានាសុវត្ថិភាព មានតម្លៃប្រមាណ១៦,៥៣ដុល្លារអាមេរិក ក្នុងមួយថ្ងៃសម្រាប់សិទ្ធិចូល-ចេញ។
ចំណែក ការជួលការិយាល័យ ដែលមានទំហំតូចចន្លោះពី៥ម៉ែត្រការ៉េ ទៅ២៥ម៉ែត្រការ៉េ មានតម្លៃចន្លោះពី៤១០,៤ដុល្លារទៅដល់២០៥២ដុល្លារក្នុងមួយខែ។ ការជួលការិយាល័យដែលមានទំហំមធ្យមចន្លោះពី៥០ម៉ែត្រ ទៅ១០០ម៉ែត្រការ៉េមានតម្លៃចន្លោះពី៤.១០៤ដុល្លារ ទៅដល់៨.២០៨ដុល្លារក្នុងមួយខែ។
ទន្ទឹមនឹងនេះដែរ ការជួលការិយាល័យ ដែលមានទំហំធំចំនួន១១៥ម៉ែត្រការ៉េ មានតម្លៃ៩.៤៣៩ដុល្លារអាមេរិក ក្នុងមួយខែ៕ប្រភព: Instant Offices &Expedia. Com៕