ក្រុមហ៊ុន CAIC ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអន្តរជាតិធំមួយ ដើម្បីលក់ទំនិញររួចពន្ឋនៅព្រលានយន្តហោះតេជោ

ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនCAIC បានយល់ព្រមចុះកិច្ចសន្យារយៈពេល១២ឆ្នាំ ជាមួយក្រុមហ៊ុនLagardère Travel Retail SAS និងដៃគូសហការ ក្នុងស្រុកHSC Group ក្នុងការលក់ទំនិញរួចពន្ធ ទំនិញបង់ពន្ធរួច សំលៀកបំពាក់ សម្ភារសម្រាប់ធ្វើដំណើរសំខាន់ៗ និងការផ្ដល់សេវាកម្មម្ហូបអាហារ នៅព្រលានយន្តអន្តរជាតិតេជោ។

ព្រលានយន្តហោះអន្តរជាតិតេជោ គ្រោងបើកដំណើរការនៅឆ្នាំ ២០២៥ ខណៈការសាងសង់សម្រេចបាន៧៨ភាគរយ។

ក្រុមហ៊ុន CAIC មានបំណងកែលម្អទិដ្ឋភាព និងបទពិសោធន៍នៃការធ្វើដំណើរ និងការផ្តល់សេវាផ្គត់ផ្គង់នៅអាកាសយានដ្ឋាននេះ ដែលជាច្រកទ្វារអន្តរជាតិ នាពេលអនាគតរបស់កម្ពុជា។

ក្រុមហ៊ុន Lagardère Travel Retail SAS នឹងអភិវឌ្ឍហាងលក់ទំនិញទំនើបៗចំនួន៣៤ ដោយការវិនិយោគខា្នតធំ ជាលក្ខណៈការបែកចែកប្រាក់ចំណេញ។ ហាងលក់ទំនិញទាំងនោះ គ្របដណ្តប់ លើខ្សែសង្វាក់អាជីវកម្មចំនួន៣ ដែលមានហាងលក់ទំនិញរួចពន្ធលំដាប់ខ្ពស់ ហាងលក់ទំនិញទំនើបនិងភោជនីយដ្ឋាន ហាងផ្ដល់សេវាកម្មម្ហូបអាហារ ដែលពុំធ្លាប់មាននៅកម្ពុជា និងហាងលក់សម្ភារសម្រាប់ធ្វើដំណើរ ដែលនឹងបំពេញនូវតម្រូវការចម្រុះរបស់អ្នកដំណើរសម័យថ្មី។

លោកឧកញ៉ា ឆារស៏ វ៉ាន់ អភិបាលនៃក្រុមហ៊ុនកាណាឌីយ៉ាគ្រុប មានប្រសាសន៍ថា “យើងជឿជាក់ថា កិច្ចសហការជាមួយក្រុមហ៊ុនLagardère Travel Retail SAS នឹងលើកកម្ពស់កិត្តិនាម អាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងផ្តល់ជូននូវបទពិសោធន៍ថ្មី នៃការផ្តល់សេវាលក់ទំនិញ និងអាហារដល់អ្នកដំណើរ”។

ចំណែកអ្នកស្រី Séverine Lanthier នាយិកាផ្នែកប្រតិបត្តិប្រចាំតំបន់អាស៊ី និងជានាយិកាផ្នែកយុទ្ធសាស្ត្រ និងអភិវឌ្ឍ មានប្រសាសន៍ថា “កិច្ចសន្យានេះ បើកនូវទំព័រថ្មីនៃប្រតិបត្តិការរបស់យើងនៅតំបន់អាស៊ី។

លោកស្រីបានថ្លែងថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ និងដៃគូសហការរបស់យើង ដែលបានផ្ដល់ការគាំទ្រដល់យើង ក្នុងការបង្កើតកិច្ចសហការថ្មីនេះ”។ លោកស្រីបន្ថែមថា “ខ្ញុំជឿជាក់ថា តាមរយៈគំរូនៃការបែងចែកប្រាក់ចំណេញ និងការប្តេជ្ញាចិត្តរបស់ក្រុមការងារ យើងនឹងលើកកម្ពស់គុណភាពសេវាលក់ទំនិញ និងអាហារសម្រាប់អ្នកដំណើរនៅអាស៊ីខាងត្បូង និងអន្តរជាតិ ឲ្យកាន់តែល្អមួយកម្រិតទៀត”។

គិតត្រឹមថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៤ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ប្រមាណ ៧៨ភាគរយ ដោយបានចំណាយថវិការប្រមាណ១,១ពាន់លានដុល្លារ ហើយគ្រោងចាប់ផ្ដើមប្រតិបត្តិការ នៅដើមឆ្នាំ ២០២៥ ដែលអាចទទួលអ្នកដំណើរឆ្លងកាត់ បានចំនួន១៣លាននាក់ក្នុងមួយឆ្នាំ៕