ក្រសួងកសិម្មរៀបចំប្រឡងចៀរជ័រកៅស៊ូជាលើកដំបូងនៅកម្ពុជា

ដោយៈ ម៉ាលីនណា
ភ្នំពេញៈ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លើការផ្តល់ទីតាំងរៀបចំប្រឡងចៀរជ័រកៅស៊ូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលដៅនៃការរៀបចំឱ្យមានកម្មវិធី ប្រឡងចៀរជ័រកៅស៊ូ គឺដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងលើកទឹកចិត្តកម្មករចៀរជ័រឱ្យបន្តខិតខំបន្ថែមទៀត ហើយសកម្មភាពនេះ ក៏ជាការបណ្តុះគំនិតប្រជាពលរដ្ឋ ឱ្យចូលរួមលើការងារនេះផងដែរ។

បើតាមលោករដ្ឋមន្ត្រី កម្ពុជាបាននិងកំពុងធ្វើការជំរុញវិស័យកៅស៊ូនេះ មានការរីកចម្រើនបន្ថែមទៀត ឱ្យក្លាយជាដំណាំឧស្សាហកម្ម មានទីផ្សារខ្ពស់ និងអាចកែច្នៃជាផលិតផលសម្រេចផ្សេងៗ ដូចជាស្រោមដៃ និងរបស់របរប្រើប្រាស់ផ្សេងៗទៀត។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកៅស៊ូ ព្រមទាំងបណ្តាក្រុមហ៊ុន ដែលវិនិយោគវិស័យកៅស៊ូនៅកម្ពុជា៕