ដោយ: ប្រសិទ្ធ
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តជួបពិភាក្សាជាមួយភារធារីនៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាដើម្បីពង្រីកនិងពង្រឹងវិស័យសេដ្ឋកិច្ចបន្ថែមទៀតនៅកម្ពុជា។
ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីពាណិជ្ជកម្ម រួមទាំងកិច្ចការវិនិយោគផ្សេងៗ ថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានជួបពិភាក្សាគ្នាជាមួយ លោក Andrew Herrup ដើម្បីផ្លាស់ប្ដូរបទពិសោធនិងពង្រឹងការវិនិយោគរវាងប្រទេសទាំងពីរឲ្យមានភាពរឹងមាំ និងប្រកបដោយផ្លែផ្កា។
លោក Andrew Herrup ក៏បានលើកឡើងអំពីលទ្ធភាពធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលមានការជាប់គាំងនាពេលកន្លងមក និងបានបង្ហាញពីឆន្ទៈ នៅក្នុងការកៀរគរអ្នកវិនិយោគពីសហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជា។ លោកបានបន្ថែមថា ថ្វីត្បិតតែបច្ចុប្បន្ននេះ បញ្ហាសេដ្ឋកិច្ចសកលនៅមិនទាន់ល្អប្រសើរក៏ពិតមែន ប៉ុន្តែវិនិយោគិននៅសហរដ្ឋអាមេរិកមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការមកដាក់ទុនវិនិយោគនៅប្រទេសកម្ពុជា។
ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តម ស៊ុន ចាន់ថុលបញ្ជាក់ថា កម្ពុជាតែងតែស្វាគមន៍រាល់វិនិយោគិនបរទេសទាំងអស់ ដែលមានបំណងមកវិនិយោគនៅលើទឹកដីប្រទេសកម្ពុជា។ ឯកឧត្តមក៏បានលើកឡើងដែរថា កម្ពុជាទទួលបានលទ្ធផលផ្លែផ្កាយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបេសកកម្មកៀរគរវិនិយោគិននៅសហភាពអឺរ៉ុប កាលពីថ្ងៃទី៩-១៨ ខែមិថុនា កន្លងទៅនេះ។ ដើម្បីផ្លាស់ប្ដូរបទពិសោធ និងបន្តពង្រឹងនិងពង្រីកការវិនិយោគបន្ថែមទៀត។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារីករាយស្វាគមន៍យ៉ាងកក់ក្តៅចំពោះស្ថានទូតសហរដ្ឋអាមេរិក ដើម្បីពិនិត្យលទ្ធភាពនៅក្នុងការសម្របសម្រួលក៏ដូចជាបើកទ្វារឲ្យវិនិយោគិនសហរដ្ឋអាមេរិក បន្តដាក់ទុនវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។ ក្នុងនោះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជ្រាបអំពីច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធការវិនិយោគរបស់វិនិយោគិនបរទេសមកវិនិយោគនៅកម្ពុជា ហើយជាពិសេសកម្ពុជាមានការអនុគ្រោះ និងបន្ធូរបន្ថយច្រើនទៅលើការវិនិយោគផ្សេងៗ។
ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់បន្ថែមទៀតថា កម្ពុជាមិនត្រឹមតែចាប់ដៃរួមគ្នាជាមួយសហរដ្ឋអាមេរិក នៅក្នុងការដោះស្រាយកង្វល់របស់វិនិយោគិនប៉ុណ្ណោះទេ កម្ពុជាមានបំណងពង្រីកខ្សែចង្វាក់ផលិតនិងផ្គត់ផ្គង់ក្នុងតំបន់ដើម្បីផ្តល់ព័ត៌មានវិនិយោគ និងកញ្ចប់លើកទឹកចិត្តនានាជូនធុរជនអាមេរិកផងដែរ ជាពិសេសបន្តយ៉ាងយកចិត្តទុកដាក់ក្នុងការសម្របសម្រួល ដោះស្រាយបញ្ហានានារបស់វិនិយោគិនអាមេរិកឲ្យបានកាន់តែឆាប់រហ័ស ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់៕