ដោយៈ សហសេវិក
ភ្នំពេញៈ ធនាគារហត្ថា បានប្រកាសជាផ្លូវការតែងតាំងលោកមិន សុផា ជាប្រធាននាយកប្រតិបត្តិថ្មីរបស់ខ្លួន ចាប់ពីថ្ងៃទី២៦ ខែមិថុនា នេះតទៅ។
លោក សុផា គឺជាធនាគារិកអាជីពមួយរូប ដែលទទួលបានជោគជ័យដ៏ត្រចះត្រចង់ នៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារក្នុងប្រទេសកម្ពុជា។ គាត់ធ្លាប់កាន់តួនាទីជាថ្នាក់ដឹកនាំជាច្រើនក្នុងស្ថាប័នធនាគារធំៗរបស់កម្ពុជា និងអន្តរជាតិ ដូចជាធនាគារប្រេដ ប៊ែង (ខេមបូឌា) ធនាគារ អេអិនហ្សិត រ៉ូយ៉ាល់ និងធនាគារ អេស៊ីលីដា អស់រយៈពេលជាង២០ឆ្នាំ កន្លងមកហើយ។
លោក សុផា មានបទពិសោធន៍ការងារ យ៉ាងទូលំទូលាយនៅក្នុងផ្នែកផ្សេងៗគ្នា រួមមានការធ្វើផែនការ និងការគ្រប់គ្រងប្រតិបត្តិការ បណ្តាញសាខា សេវាកម្មផ្នែកធនាគារពាណិជ្ជកម្ម សាជីវកម្ម និងសហគ្រាសខ្នាតតូចនិងមធ្យម ជាដើម។
មុនចូលបម្រើការងារនៅធនាគារ ហត្ថា លោក សុផា បានកាន់តួនាទីជានាយកប្រតិបត្តិរង នៅធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ដែលលោកបានជួយជំរុញ ឱ្យធនាគារមួយនេះក្លាយទៅជាធនាគារមួយ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងទីផ្សារកម្ពុជា។
ក្រៅពីការងារអាជីពទាំងអស់នេះ លោក សុផា ក៏ធ្លាប់និងកំពុងបម្រើការងារស្ម័គ្រចិត្ត នៅស្ថាប័នសំខាន់ៗមួយចំនូនផងដែរ ដូចជា ការកាន់តួនាទីជាសមាជិក ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Credit Bureau Holding Cambodia Co., Ltd (CBHC) និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃសាលាអន្តរជាតិភ្នំពេញ (ISPP) ជាដើម។
លោក សុផា បានមានប្រសាសន៍ថា “នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលខ្ញុំ ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ នៃធនាគារ ហត្ថា”។លោកបន្ថែមថា “ខ្ញុំមានជំនឿយ៉ាងម៉ុតមាំថា ធនាគារហត្ថា នឹងបន្តដំណើរការអាជីវកម្មរបស់ខ្លួន ប្រកបដោយភាពរឹងមាំ និងមានចីរភាពផ្នែកហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ដោយសារកេរ្តិ៍ឈ្មោះដ៏ល្អ និងយូរអង្វែងរបស់ធនាគារ នៅក្នុងទីផ្សារកម្ពុជា ជាមួយទំនុកចិត្តរបស់អតិថិជនជាច្រើន”។
លោកមិន សុផាបានបន្តថា ធនាគារមានធនធានបុគ្គលិក ដែលមានបទពិសោធន៍ខ្ពស់ និងទទួលបាននូវការគាំទ្រពេញទំហឹង ពីសំណាក់គណៈគ្រប់គ្រងរបស់ធនាគារ ក្រុងស្រ៊ី ខ្ញុំមានសេចក្តីសោមនស្សជាពន់ពេក ក្នុងការដឹកនាំនាវាធនាគារ ហត្ថា ឆ្ពោះទៅកាន់ការរីកចម្រើនជាបន្តបន្ទាប់ នៅពេលខាងមុខនេះ។
អំពីធនាគារហត្ថា
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា អស់រយៈកាល៣០ឆ្នាំមកហើយ ផ្តល់ជូនសេវាហិរញ្ញវត្ថុ យ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។
ធនាគារក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។
ធនាគារ ហត្ថា បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់BBB+ អស់រយៈពេល០៦ឆ្នាំជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួន ប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេ នៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។
បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាលរបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាធម្មតា។
សម្រាប់ព័ត៌មានបន្ថែម អំពីបច្ចុប្បន្នភាពធនាគារ ហត្ថា សូមចូលទៅកាន់៖ https://www.hatthabank.com/ ឬ តាមរយៈផេកហ្វេសប៊ុក https://www.facebook.com/HatthaBankPlc