ហ្វីលីពីនបោះទុន ៧,៦ពាន់លានដុល្លារដើម្បីសាងសង់ទំនប់វារីអគ្គិសនីបំពាក់បច្ចេកវិទ្យាទំនើប

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Prime Infra របស់លោកមហាសេដ្ឋីហ្វីលីពីន Enrique K. Razon កំពុងបោះទុនវិនិយោគទឹកប្រាក់៧,៦ពាន់លានដុល្លារ ដើម្បីស្ថាបនាគម្រោងទំនប់វារីអគ្គិសនី ទំនើបចំនួន២ ដែលស្របតាមគោលដៅរបស់ប្រទេសនេះ ក្នុងការសម្រេចបាននូវឯករាជ្យភាព និងនិរន្តរភាពផ្នែកថាមពល។

គម្រោងទី១មានឈ្មោះថា រោងចក្រវារីអគ្គិសនីស្តុកទឹក Wawa ដែលមានទីតាំងនៅខេត្ត Rizal និងគ្រោងចំណាយដើមទុនវិនិយោគ៣,៦ពាន់លានដុល្លារ។ គម្រោងទី២ មានឈ្មោះថា រោងចក្រវារីអគ្គិសនីAbanico ដែលមានទីតាំងនៅខេត្ត Laguna និងគ្រោងចំណាយដើមទុនវិនិយោគ៤ពាន់លានដុល្លារ។

គម្រោងទី១ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៨ ដែលមានសមត្ថភាព១.២០០មេហ្គាវ៉ាត់(MW) ។ រីឯគម្រោងទី១គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៩ខាងមុខ ដែលមានសមត្ថភាព១.៥០០មេហ្គាវ៉ាត់។

ថាមពលវារីអគ្គិសនីស្តុកទឹក (Pumped Storage Hydropower) គឺជាបច្ចេកវិទ្យាដ៏ទំនើបមួយ ដែលមានសមត្ថភាពអាចរក្សាទុកថាមពល ដែលផលិតលើសតម្រូវការ តាមរយៈការបូមទឹកចេញពីទំនប់ទៅកាន់អាងស្តុកទឹក ក្នុងអំឡុងពេលតម្រូវការអគ្គិសនីថយចុះ។

ប៉ុន្តែនៅពេលណាដែលតម្រូវការ ថាមពលអគ្គិសនីហក់ឡើងដល់ចំណុចកំពូល ទឹកដែលបានរក្សាទុក នឹងត្រូវបានបញ្ចេញមកវិញ ដើម្បីបង្កើតអគ្គិសនី ដោយផ្តល់នូវដំណោះស្រាយ ដែលអាចបត់បែនបាន និងមានប្រសិទ្ធភាព ក្នុងការធ្វើឱ្យបណ្តាញថាមពលមានតុល្យភាព និងធានាឱ្យមានការផ្គត់ផ្គង់ថាមពលប្របដោយចីរភាព។

គម្រោងតម្លៃរាប់ពាន់លានដុល្លារទាំង២នេះ ត្រូវបានគេរំពឹងថា នឹងជំរុញសកម្មភាពសេដ្ឋកិច្ចសំខាន់ៗ នៅក្នុងប្រទេសហ្វីលីពីន។ ការសាងសង់រោងចក្រទាំង២ខាងលើ នឹងជួយបង្កើតការងាររាប់ពាន់កន្លែង ជំរុញសេដ្ឋកិច្ចក្នុងស្រុក និងជំរុញកម្លាំងពលកម្មជំនាញ។

ការប្តេជ្ញាចិត្តពង្រឹងសមត្ថភាពថាមពល នឹងទាក់ទាញការវិនិយោគបន្ថែមសម្រាប់វិស័យផ្សេងៗទៀត ព្រមទាំងជំរុញកំណើនឧស្សាហកម្ម និងការប្រកួតប្រជែងសេដ្ឋកិច្ច ទាំងមូលរបស់ប្រទេសហ្វីលីពីន៕ប្រភព: Global Flow Control៕