ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃតិចតួចនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពីទិន្នន័យបង្ហាញថា ការលក់រាយនៅសហរដ្ឋអាមេរិកបានកើនឡើងទាបជាងការរំពឹងទុក ដែលការណ៍នេះជួយពង្រឹងក្តីសង្ឃឹមថា ធនាគារកណ្តាលអាមេរិកនឹងអាចបញ្ចុះអត្រាការប្រាក់នៅឆ្នាំនេះ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៧%ដល់២៣២៩,១៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅទ្រឹងត្រឹមជាង២៣៤៦,២ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង១០:១៦នាទីព្រឹក។
យោងតាមការិយាល័យជំរឿននៃក្រសួងពាណិជ្ជកម្មអាមេរិកបានបង្ហាញថា ការលក់រាយរបស់សហរដ្ឋអាមេរិកបានកើនឡើងត្រឹមតែ០,១%ប៉ុណ្ណោះ កាលពីខែឧសភា បើធៀបនឹងការព្យាករណ៍ថា នឹងកើនឡើងក្នុងរង្វង់០,៣%។
ជាមួយគ្នានេះ ក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការចេញផ្សាយទិន្នន័យដទៃផ្សេងទៀត ដូចជា ទិន្នន័យស្តីពីចំនួនពលរដ្ឋអាមេរិក ដែលដាក់ពាក្យសុំជំនួយពីរដ្ឋាភិបាល ក្នុងអំឡុងពេលគ្មានការងារធ្វើ ដែលគ្រោងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ និងសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ(PMI) ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះ។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៤,១ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃតិចតួចដល់ត្រឹម១០៥,២៧ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានកើនឡើង២,១%ដល់៣០,១៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៦៨%ដល់៩៨៣,៨០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានកើនឡើង២,១៤%ដល់៩០៨,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ៕