ដោយៈ ម៉ាលីនណា
ភ្នំពេញៈ លោកជំទាវជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាវាគ្មិនកិត្តិយស ថ្លែងសុន្ទរកថាគន្លឹះ ស្តីពី “រូបិយប័ណ្ណឌីជីថល និងការធ្វើរៀលូបនីយកម្មនៅកម្ពុជាឡើងវិញ”។
ការថ្លែងនេះបានធ្វើឡើង ក្នុងសិក្ខាសាលាស្តីពី “ការប្រើប្រាស់ប្រាក់រៀល៖ ផែនទីឆ្ពោះទៅកាន់ការធ្វើរៀលូបនីយកម្ម ឡើងវិញ (The Riel Deal: A Roadmap for Re-rielization) នារសៀលថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤។
សិក្ខាសាលានេះ ត្រូវបានសហការរៀបចំឡើង ដោយស្ថានទូតបារាំងនៅកម្ពុជា, សាកលវិទ្យាល័យ Grenoble Alpes នៅប្រទេសបារាំង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ដោយមានការចូលរួមដោយផ្ទាល់ និងតាមរយ:ប្រព័ន្ធអនឡាញ ពីសំណាក់អ្នកស្រាវជ្រាវ សាស្រ្តាចារ្យ និស្សិត និងតំណាងក្រសួង-ស្ថាប័នរដ្ឋនិងឯកជន សរុបប្រមាណ ៦០នាក់។
សិក្ខាសាលានេះ ក៏មានការចូលរួមជាកិត្តិយស ពីលោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា លោក បណ្ឌិតលុយ ចាន់ណា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងលោកស្រីបណ្ឌិត Thi-Anh-Dao TRAN តំណាងស្ថានទូតបារាំងនៅកម្ពុជាផងដែរ។
តាមរយៈសុន្ទរកថាគន្លឹះ លោកជំទាវទេសាភិបាល បានលើកឡើងពីប្រវត្តិរូបិយវត្ថុ ចាប់តាំងពីអាណាចក្រហ្វូណន រហូតដល់សម័យកាល នៃការកកើតប្រាក់រៀល និងប្រវត្តិប្រាក់រៀល ព្រមទាំងការអភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជា។
លើសពីនេះ លោកជំទាវបណ្ឌិត ក៏បានបង្ហាញពីដំណើរវិវត្តប្រកបដោយស្ថិរភាព នៃអត្រាប្តូរប្រាក់រៀល ការដាក់ឱ្យដំណើរការស្តង់ដារខេអេចឃ្យូអរ ការតភ្ជាប់ការទូទាត់ឆ្លងដែន ជាមួយបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់និងពិភពលោក និងដំណើរវិវឌ្ឍន៍នៃប្រតិបត្តិការតាមប្រព័ន្ធបាគង។
សិក្ខាសាលានេះគឺជាផ្នែកមួយ នៃគម្រោងស្រាវជ្រាវដែលសហការរួមគ្នា រវាងសាកលវិទ្យាល័យ Grenoble Alpes សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងធនាគារជាតិនៃកម្ពុជា ដែលផ្តោតចម្បងទៅលើការវិភាគ អំពីស្ថានភាពដុល្លារូបនីយកម្មនៅកម្ពុជា និងការទាញយកប្រយោជន៍ ពីឌីជីថលូបនីយកម្ម ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងបរិយាបន្នហិរញ្ញវត្ថុ៕